នាយកគណៈកម្មការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋ សហរដ្ឋអាមេរិក នឹងលាលែងពីតំណែង ខណៈដែលការស៊ើបអង្កេតទាក់ទងការធ្វើពាណិជ្ជកម្មផ្ទៃក្នុងមួយរបស់ក្រុម FBI កំពុងប្រព្រឹត្តឡើង ។
ប្រភព BBC បានផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា លោក Richard Burr មកពីរដ្ឋ North Carolina បានថ្លែងថា លោកបានសម្រេចចិត្តលាលែងនេះ ពីព្រោះមិនចង់ឲ្យការស៊ើបអង្កេតនោះ ប៉ះពាល់ រំខានដល់គណៈកម្មការដែលលោកបំពេញភារកិច្ចនោះទេ ។
ទូរស័ព្ទរបស់លោក Burr ត្រូវបានក្រុម FBI ដកហូត ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ។ សមាជិកព្រឹទ្ធសភារូបនេះដែលបានច្រានចោលថាបានប្រព្រឹត្តកំហុសនោះ ត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ព័ត៌មានផ្ទៃក្នុងដើម្បីគេចផុតពីការខាតបង់ទីផ្សារបណ្តាលមកពីកូរ៉ូណាវីរុស ។
លោក Burr មិនបានធ្វើអត្ថាធិប្បាយអ្វីវែងឆ្ងាយនោះទេ នៅពេលដែលមានការស្នើសុំ ។
លោក Burr និងប្រពន្ធរបស់គាត់បានលក់ភាគហ៊ុនរហូតដល់ ១,៧ លានដុល្លារកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២០ គឺនៅមុនពេលដែលទីផ្សារនៅអាមេរិកបានដាំក្បាលចុះ ដោយសារតែភ័យខ្លាចវិបត្តិសេដ្ឋកិច្ច។
វាជារឿងល្មើសច្បាប់របស់សមាជិកព្រឹទ្ធសភាដែលធ្វើពាណិជ្ជកម្មដោយផ្អែកលើព័ត៌មានអសាធារណៈ ទទួលបានអំឡុងបំពេញការងារផ្លូវការរបស់ខ្លួន ។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋដទៃទៀត ដូចជាលោក Kelly Loeffler មកពីរដ្ឋ Georgia និងលោក James Inhofe មកពីរដ្ឋអូក្លាហូម៉ា ក៏ដូចជាសមាជិកាព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យ Dianne Feinstein មកពីរដ្ឋកាលីហ្វ័រញ៉ា ក៏ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុនរបស់ខ្លួន មុនពេលការធ្លាក់ចុះទីផ្សារផងដែរ ប៉ុន្តែមិនត្រូវបានបញ្ជាក់ថា ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ FBI នោះទេ ។
លោកស្រី Feinstein បានបញ្ជាក់ថា លោកស្រីបានឆ្លើយសំណួរទាំងអស់របស់ FBI ទាក់ទងនឹងការធ្វើជំនួញរបស់ប្តីលោកស្រី ។
គួរបញ្ជាក់ថា លោក Richard Richard Burr ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភាលើកដំបូង ក្នុងឆ្នាំ ២០០៤ ។
លោកបានធ្វើជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា នៅពេលដែលខ្លួនគាត់បានស៊ើបអង្កេតការជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ ២០១៦ ។
គណៈកម្មាធិការនេះបានទទួលស្គាល់ការរកឃើញរបស់សហគមន៍ស៊ើបការណ៍សម្ងាត់ ដែលថា រុស្ស៊ីពិតជាបានជ្រៀតជ្រែកចូលមែនក្នុងនាមជាលោកដូណាល់ ត្រាំ ។
អាណត្ដិ ៦ ឆ្នាំរបស់លោក Burr នឹងបញ្ចប់នៅឆ្នាំ ២០២៣ ហើយ លោកមិនមានគម្រោងឈរឈ្មោះបោះឆ្នោតឡើងវិញនោះទេ៕ ប្រែសម្រួលដោយ៖ thach yat