ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់យកខ្សែក ប្លាទីនទម្ងន់ ១តម្លឹងពីបុរសម្នាក់ដែលកំពុងដើរមកពីផ្សារជាមួយប្រពន្ធត្រឡប់ទៅផ្ទះ បានសម្រេច ហើយជនសង្ស័យបានគេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់នគរបាលមូលដ្ឋានដែលមិនមានការល្បាតនៅទីប្រជុំជននោះទាល់តែសោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ១០៥ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឆន ឈឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរសន្តិសុខឯកជន មានប្រពន្ធឈ្មោះ កាន់ ស្រីម៉ៅ អាយុ៣៩ឆ្នាំ ជាមេផ្ទះ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។ យោងតាមសម្តីរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរជូនប្រពន្ធមកផ្សារសាំហាន់ ដើម្បីទិញបន្លែនិងសាច់ធ្វើម្ហូប។ លុះពេលពួកគាត់ដើរត្រឡប់មកពីផ្សារទៅផ្ទះវិញ ដោយធ្វើដំណើរតាមផ្លូវបេតុងលេខ១០៥ ខណៈមកដល់ផ្លូវអក្សរT ជិតដល់ផ្ទះជួលស្នាក់នៅទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូស្គូពីមួយគ្រឿងពណ៌ក្រហម មិនចាំស៊េរី មិនចាំស្លាកលេខ មកក្បែររូបគាត់ហើយលូកដៃឆក់យកខ្សែកគាត់ដែលពាក់នៅនឹងកដាច់បាត់ រួចបង្កើនល្បឿនម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
បន្ទាប់ពីជនរងគ្រោះត្រឡប់មកពីដាក់ពាក្យបណ្តឹងវិញ រូបគាត់បានដើរទៅកន្លែងកើតហេតុរើសបានបន្តោងចែកាច់ស្រោបប្លាទីននៅកន្លែងកើតហេតុ ហើយអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ គឺលោក អ៊ីវ ឈុនផេង អធិការរងខណ្ឌឫស្សីកែវ បានឡើងរាយការណ៍តាមវិទ្យុទាក់ទងទៅកាន់ស្តង់ដារវិទ្យុទាក់ទងប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា៖ “មិនមានករណីនេះទេ គឺគ្រាន់តែមានគេលូកដៃច្រឡំតែប៉ុណ្តោះ”។
ការឆ្លើយបែបនេះ គេហៅថា រាយការណ៍កុហកជូនថ្នាក់លើ ដូចពាក្យចាស់ពោលថា៖ “កន្ទេលធំបន្លំដេក” បើមានមន្ត្រីបែបនេះ តើទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅជាយ៉ាងណា បើទាំងខ្លួនមិនទទួលបានព័ត៌មានច្បាស់លាស់ និងមិនទាន់ចុះដល់កន្លែងកើតហេតុផងនោះ? ដោយ៖ ផេងភាព