សៀមរាប៖ កូនឈើប្រមាណ ៣ ម៉ឺនដើមនៃសួនបណ្ដុះកូនឈើមណ្ឌល៣ ត្រៀមចែកចាយដល់ពលរដ្ឋយកទៅដាំនៅតំបន់អង្គរ ដើម្បីបង្កើនភាពស្រស់បំព្រង និងជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តពោពេញដោយភាពសប្បាយរីករាយ។
គួរឱ្យដឹងថា សួនបណ្ដុះកូនឈើមណ្ឌល៣ ជាសួនមួយក្នុងចំណោមសួនបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា។ ជារៀងរាល់ឆ្នាំ សួននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះកូនឈើ សម្រាប់ការដាំដុះ និងចែកចាយដល់ប្រជាពលរដ្ឋដែលមានបំណងយកទៅដាំដុះនៅតំបន់នានាជាពិសេសនៅក្នុងតំបន់អង្គរ។ ឆ្នាំនេះ សួនបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើព្រៃហូបផ្លែ និងឈើលម្អ បានត្រៀមកូនឈើប្រមាណ ៣ម៉ឺនដើម សម្រាប់ការងារដាំដុះ ក៏ដូចជាការចែកចាយ។
ជាមួយគ្នានេះ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងស្នើសុំកូនឈើយកទៅដាំ សូមធ្វើការទំនាក់ទំនងទៅកាន់ស្នាក់ការអាជ្ញាធរជាតិអប្សរា ហើយរយៈពេលមួយសប្ដាហ៍ពួកគេនឹងទទួលបានកូនឈើយកទៅដាំ។ អាជ្ញាធរជាតិអប្សរា ក៏បានលើកទឹកចិត្តដល់ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូប យកកូនឈើទៅដាំនៅតាមសាលារៀន វត្តអារាម និងនៅក្នុងសហគមន៍ ដើម្បីបង្កើនគម្របព្រៃឈើក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរាមានស្ថានីយ៍បណ្ដុះកូនឈើចំនួន ៤ ទីតាំង ទី១ គឺស្ថានីយបណ្ដុះកូនឈើ ៨ហិកតា ដែលបណ្ដុះកូនឈើប្រណិត៤ប្រភេទ មានដើមបេង គ្រញូង ច្រេះ និងធ្នង់ ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់ ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើហូបផ្លែព្រៃ និងទី៤ ស្ថានីយបាឡុង បណ្តុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ។ ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាគ្រោងដាំកូនឈើនិងចែកចាយកូនឈើប្រមាណ ១១ម៉ឺនដើម៕ ដោយ៖ តារា