ភ្នំពេញ៖ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងសុខាភិបាលនៅតែបន្ត និងបង្កើនការពង្រឹងការចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។
លោកប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានគូសបញ្ជាក់ថា៖ “យើងនៅតែបន្តពង្រឹងការអនុវត្តវិធានការនានា ដើម្បីការពារការនាំចូលនូវជំងឺកូវីដ១៩ បើទោះជាមកទល់ពេលនេះ កម្ពុជាយើងពុំមានករណីឆ្លងថ្មីក៏ដោយ ជាពិសេសគឺបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការការពារការនាំចូលជំងឺនេះ។
ទី១ រាល់អ្នកដំណើរទាំងអស់ត្រូវតែមានលិខិតបញ្ជាក់ថា ពួកគាត់ពុំមានជំងឺកូវីដ១៩ ចំនួន៧២ម៉ោង ទី២ សម្រាប់ជនបរទេស គឺត្រូវមានធានារ៉ាប់រងចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ទី៣ គឺត្រូវបំពេញនូវទម្រង់ប្រកាសព័ត៌មានឱ្យបានពិតប្រាកដ ដោយត្រូវមានបញ្ជាក់ថាគាត់មកពីប្រទេសណា ហើយស្នាក់នៅទីណា និងមធ្យោបាយទំនាក់ទំនងរបស់ពួកគាត់ទាំងអស់ និងតម្រូវនៃការធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃ នៅកន្លែងស្នាក់នៅ ដោយមិនអនុញ្ញាតឱ្យធ្វើដំណើរទៅទីណាបាននោះទេ។
ហើយ រាល់អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសកម្ពុជាតាមច្រកទាំង៣នោះ ក្រុមមន្ត្រីសុខាភិបាលរបស់យើង ក៏បានចែកនូវប័ណ្ណសុខភាព ដែលតម្រូវឱ្យពួកគាត់ត្រូវអនុវត្តតាមសេចក្តីណែនាំផ្សេងៗ ដែលមានចែងនៅក្នុងនោះ ដូចជាវិធីតាមដានសុខភាពក្នុងអំឡុងពេលធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃនោះ៕ ដោយ៖ ប៊ុនធឿន