កំពង់ចាម៖ ប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់ដល់ប្រជាពលរដ្ឋ ឱ្យបន្តធ្វើអនាម័យ ថែរក្សាសុខភាព បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បើទោះបីជាពេលនេះស្ថានភាពជំងឺនេះ នៅក្នុងប្រទេសកម្ពុជា មានការថមថយហើយក៏ដោយ។
លោក អភិបាលខេត្តកំពង់ចាម ថ្លែងអំពាវនាវដូច្នេះ ខណ:ពេល ដែលលោកបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ខែបួសរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន៤៦០គ្រួសារ នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។
លោក អ៊ុន ចាន់ដា បានលើកលើងថា ថ្វីត្បិតតែមកដល់បច្ចុប្បន្ននេះស្ថានភាព នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នៅកម្ពុជាមានសភាពថមថយបន្តិច និងដោយឡែក នៅក្នុងខេត្តកំពង់ចាម អ្នកជម្ងឺចំនួន១៦នាក់ បានជាសះស្បើយអស់ហើយក្ដី ក៏យើងនៅតែព្រួយបារម្មណ៍ចំពោះការផ្ទុះឡើងនៃជម្ងឺកូវីដ១៩ ក្នុងរលកទី២ ខណៈដែលជម្ងឺនេះកំពុងបន្តគម្រាមកំហែងសាជាថ្មី នៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោក។
ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ចាមទាំងអស់ ត្រូវចូលរួមដើម្បីទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាអង្កការសុខភាពពិភពលោក និងបន្តយកចិត្តថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ លាងសម្អាតដៃជាប់ជាប្រចាំ និងចេះប្រើប្រាស់ម៉ាស់ ឬក្រម៉ា នៅពេលក្អក ឬកណ្តាស់ និងកាត់បន្ថយការជួបជុំនិងការធ្វើដំណើរទៅតំបន់ផ្សេងៗ៕ ដោយ៖ ប៊ុនធឿន