នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវអាមេរិកមួយគ្រឿង បានធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធ គឺមួយសប្តាហ៍មុនពេលប្រធានាធិបតី Tsai Ing-wen ស្បថចូលកាន់តំណែងថ្មី ។
ចិន បានចាត់ទុកដែនកោះតៃវ៉ាន់ជាអាណាខេត្តមួយរបស់ខ្លួន ហើយពុំសប្បាយចិត្តទាល់តែសោះឡើយ ដែលអាមេរិកបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ម្តងជាពីរដងនោះ ។ ការដែលរដ្ឋបាលលោកដូណាល់ ត្រាំ គាំទ្ររដ្ឋបាលដែនកោះតៃវ៉ាន់តាមរយៈការលក់សព្វាវុធជាដើមនោះ ជាសកម្មភាពមួយនាំឲ្យគាំងដំណើរទំនាក់ទំនងល្អរវាងចិន និងអាមេរិក ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់កងនាវាចរប៉ាស៊ីហ្វិកអាមេរិក បញ្ជាក់យ៉ាងខ្លីនៅលើបណ្តាញហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា នាវាចម្បាំង USS McCampbell បានធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រ ញែកដាច់ពីគ្នារវាងដែនកោះតៃវ៉ាន់ និងចិនដីគោក ។ ការធ្វើនាវាចរនោះកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ។ កងនាវាចរប៉ាស៊ីហ្វិកអាមេរិកនេះនៅបានបង្ហោះរូបភាពលើបណ្តាញហ្វេសប៊ុកផងដែរ ។
ក្រសួងការពារជាតិតៃវ៉ាន់បានបន្ទរតាមក្រោយថា ការធ្វើនាវាចរទៅកាន់ទិសខាងត្បូងនោះ គឺជាបេសកកម្មមួយដែលហៅថា «បេសកកម្មប្រក្រតីភាព» ។ គេបន្ថែមថា សកម្មភាពបែបនេះនៅតែបន្តកើតឡើងតាមទិសដៅកំណត់ ។
គួរបញ្ជាក់ថា លោកស្រី Tsai ដែលទើបឈ្នះការបោះឆ្នោតអាណត្តិទីពីរនោះ នៅថ្ងៃទី២០ ខែឧសភា គ្រោងឡើងស្បថចូលកាន់តំណែង ។ ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់បានប្រព្រឹត្តទៅកាលពីខែមករា ឆ្នាំ២០២០ ។ មេដឹកនាំតៃវ៉ាន់រូបនេះ មានគោលការណ៍ប្រឆាំងចិន ហើយប្តេជ្ញាការពារក៏ដូចពង្រឹងលទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់ឲ្យខាងតែបាន ។ មូលហេតុនេះហើយ គណបក្សលោកស្រី ទទួលជ័យជម្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី។
ទាំងចិន និងអាមេរិកសុទ្ធតែពង្រឹងវត្តមាន សកម្មភាពយោធានៅជិតតៃវ៉ាន់អំឡុងខែថ្មីៗនេះ ។ អាមេរិកធ្វើនាវាចរនាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈដែលចិនក៏ធ្វើសមយុទ្ធជើងអាកាសក្បែរកោះតៃវ៉ាន់ផងដែរ ។
សប្តាហ៍មុន តៃវ៉ាន់បានអះអាងថា យន្តហោះចម្បាំង Y-8 របស់កម្លាំងជើងអាកាសចិន បានរំលោភចូលដែនអាកាស តំបន់កំណត់សកម្មភាពការពារដែនអាកាសតៃវ៉ាន់ បង្ខំតៃវ៉ាន់ព្រមាន និងបណ្តេញ ទើបយន្តហោះចាកចេញទៅវិញ ៕ ប្រែសម្រួលដោយ៖ thach yat