ភ្នំពេញ៖ ការប្រកួតប្រភេទកីឡាទ្រីយ៉ាត្លុង បានកំណត់ទីតាំងរួចរាល់ហើយ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា រួចរាល់ហើយ ដោយត្រូវធ្វើនៅខេត្តកែប។ នេះបើយោងតាមសម្ដីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ។
នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំប្រភេទកីឡាលើទឹកនានា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ អង្គប្រជុំបានផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួន ៣ ។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ប្រភេទកីឡាទ្រីយ៉ាត្លុងត្រូវកំណត់រួចរាល់ហើយថាត្រូវធ្វើនៅខេត្តកែប ហើយប្រភេទកីឡាលើទឹកផ្សេងៗទៀតអាចទៅរៀបចំនៅខេត្តបាន ឬអត់ ដែលគម្រោងនេះឯកឧត្តម ថោង ខុន និងថ្នាក់ដឹកនាំសហព័ន្ធនឹងរួមគ្នាចុះពិនិត្យដោយផ្ទាល់ នាពេលខាងមុខឆាបៗនេះ ដើម្បីសម្រេច និងដាក់ស្នើសុំជាគោលការណ៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
គួរឱ្យដឹងថា របៀបវារៈសំខាន់ៗចំនួន៣ទាំងនោះរួមមាន៖ ទី១ កិច្ចប្រជុំបានកំណត់លើទីលានប្រកួតនៃប្រភេទកីឡាលើទឹកមួយចំនួន។ ទី២ ពិនិត្យមើលទៅលើនិមិត្តសញ្ញា (Mascot) និងស្លាកសញ្ញា (LOGO) ចំណែកឯទី៣ ពិនិត្យទៅលើផែនការ សកម្មភាពបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២០នេះ ដែលពាក់ព័ន្ធទៅនឹងការចំណាយថវិកា ដែលត្រូវកាត់បន្ថយការចំណាយរហូតដល់៧០% ដែលនៅសល់ប្រមាណ៣០%ប៉ុណ្ណោះ ដែលត្រូវចំណាយ នាឆមាសទី២នេះ ដោយចំណាយលើផ្នែករដ្ឋបាល ការត្រៀមបណ្តុះបណ្តាលកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន៕ ដោយ៖ តារា