ភ្នំពេញ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ និងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយ នៅចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាន។ នេះបើតាមកាផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP ដែលបានស្រស់សម្តីរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
លោក គ្រុយ ចំរើន ដែលជាអ្នកបាញ់សម្លាប់សត្វកេងកងធំមួយក្បាលនោះ បានបញ្ជាក់ថា “ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំង អស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជាពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ ហើយខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន”។ ការបាញ់សម្លាប់កេងកងនោះ គឺក្នុងអំឡុងពេលលោក គ្រុយ ចំរើន ទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេង លេងទឹកជ្រោះ ៩ ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបានទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំការសណ្តោសប្រណីពីសាធារណជន ដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។ លោកថា តាមរយៈការទទួលទោសកំហុសនេះគឺ ក្រសួងបរិស្ថាន ទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។ ឯកឧត្តមបានចាត់ទុកថា នេះគឺជាគំរូអាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវចៀសវាង។
លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វកេងកងគឺជា ប្រភេទសត្វកម្រ និងជិតផុតពូជហើយ បច្ចុប្បន្ននេះគេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំក្រវាញ តំបន់ភាគខាងកើត នៃប្រទេសកម្ពុជាជាដើម៕ ដោយ៖ ប៊ុនធឿន