ក្រោយមានការបែកធ្លាយវីដេអូ អំពីសកម្មភាពរំលោភបំពាន់ពីសំណាក់ទាហានទៅអ្នកជាប់ឃុំឃាំង កាលពីពេលថ្មីៗនេះមក មន្រ្ដីយោធា ជាន់ខ្ពស់ នៃប្រទេសមីយ៉ាន់ ក៏បានទទួលស្គាល់នូវទង្វើអសីលធម៌នោះ។
យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃទី១៣ ខែឧសភាថា កងទ័ពមីយ៉ាន់ម៉ាបានទទួលស្គាល់ថា កងកម្លាំងយោធា របស់ខ្លួនបានរំលោភបំពានទៅលើអ្នកជាប់ឃុំឃាំង នៅក្នុងរដ្ឋរ៉ាឃិន (Rakhine) ។ រីឯការទទួលស្គាល់ខាងលើនេះ បានកើតឡើង ក្រោយពេលមានការបែកធ្លាយពីវីដេអូមួយ ដោយទាហានបានចងបិទមុខអ្នកជាប់ឃុំឃាំង រួចវាយធ្វើបាប ហើយត្រូវបានគេចែកចាយវីដេអូនោះ តាមបណ្ដាញសង្គមព្រោងព្រាត។
កាលពីពេលកន្លងមក កងទ័ពភូមា (មីយ៉ាន់ម៉ា) ជាញឹកញាប់ ត្រូវបានគេចោទប្រកាន់ អំពីការប្រព្រឹត្ដនូវអំពើអាក្រក់ផ្សេងៗ ក្រោមរបបនិទ្ទណ្ឌភាព។ ប៉ុន្ដែពេលនេះ ជាការដ៏កម្រមួយ ត្រូវបានកងទ័ពទទួល អំពីការប្រព្រឹត្ដខុសរបស់កងកម្លាំងយោធាខ្លួន។ រីឯឃ្លីបវីដេអូដែលបានផុសឡើង កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា បង្ហាញពីបុរសស្លៀកសម្លៀកបំពាក់បែបសាមញ្ញ បានដាល់ និងទាត់ក្បាលរបស់អ្នកជាប់ខ្នោះ និងត្រូវបិទភ្នែក។
បើយោងតាមគេហទំព័ររបស់ការិយាល័យអគ្គមេបញ្ជាការកងទ័ព បានឲ្យដឹងថា អ្នកជាប់ឃុំចំនួន៥នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យ ជាក្រុមបះបោររបស់កងទ័ព Arakan (AA) ហើយត្រូវបញ្ជូនតាមទូកទៅកាន់ទីក្រុង Sittwe រដ្ឋ Rakhine កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅពេលនោះក៏មានហេតុការណ៍បែបនេះកើតឡើងតែម្ដង។
កម្លាំងប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ា បានជាប់នៅក្នុងសង្គ្រាមឃោរឃៅ កាន់តែខ្លាំងឡើងជាមួយក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធ ដើម្បីស្វ័យភាពបន្ថែមទៀត សម្រាប់ជនជាតិភាគតិច នៅរដ្ឋរ៉ូឃីន។
សេចក្តីថ្លែងការណ៍ បាននិយាយថា សមាជិកសន្តិសុខមួយចំនួន បានសួរចម្លើយអ្នកទោស តាមរបៀបមិនស្របច្បាប់ ហើយសកម្មភាពទាំងនេះ នឹងត្រូវធ្វើឡើង ចំពោះអ្នកដែលទទួលខុសត្រូវ។
កន្លងមក មីយ៉ាន់ម៉ា បានប្រឈមនឹងការចោទប្រកាន់អំពើប្រល័យពូជសាសន៍ នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ។ ករណីនេះបានកើតឡើង ក្រោយពេលកងទ័ពមីយ៉ាន់ម៉ា បានស្លាប់យ៉ាងរង្គាលទៅលើជនជាតិរ៉ូហ៊ីងយ៉ា ក្រោមការបង្ក្រាបយ៉ាង បង្ហូរឈាមពីសំណាក់កងទ័ព កាលពីអំឡុងឆ្នាំ២០១៧។ រីឯជនជាតិរ៉ូហ៊ីងយ៉ាង ៧៤០ ០០០នាក់ផ្សេងទៀត បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស៕ ប្រែសម្រួលដោយ Nuon