សៀមរាប៖ ព្រះតេជគុណ វិមុលសំវភទ្ទកោ នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត និងជាមន្រ្តីសាលាគណខេត្តសៀមរាប ទទួលបន្ទុកស្រុកក្រឡាញ់ និងស្រុកស្រីស្នំ បានមានសង្ឃដីកាថា ដោយសារតែមេរោគកូវីដ ១៩ បណ្តាលឱ្យប៉ះពាល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ ដែលជាហេតុធ្វើឱ្យប៉ះពាល់មួយផ្នែកដល់សហគមន៍វត្តអារាម ព្រះពុទ្ធសាសនាផងដែរ ។ ដូច្នេះហើយបានជាសាលាគណខេត្តសៀមរាប បានត្រៀមស្បៀងអាហារខ្លះៗតាមលទ្ធភាព សម្រាប់ជួយដល់វត្តអារាមណាដែលខ្វះខាតចង្ហាន់។
ក្នុងឱកាសសាលាគណខេត្តសៀមរាប នាំយកគ្រឿងបរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនដល់វត្តចំនួន ២៨ នៅស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលកំពុងជួបការខ្វះខាតចង្ហាន់ស្បៀងខ្លះៗ ដោយ សារឥទ្ធិពលនៃជំងឺកូវីដ-១៩ កាលពីម្សិលមិញនេះ ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះសុមង្គសិលាចារ្យ ព្រះមេគណខេត្តសៀមរាប បានមានសង្ឃដីកាថា បច្ចុប្បន្ននេះស្ថានភាពនៃការឆ្លងមេរោគកូវីដ ១៩ នៅកម្ពុជាគឺមានស្ថានភាពល្អប្រសើរជាងមុន ប៉ុន្តែទោះជាយ៉ាងនេះក្តីយើងមិនត្រូវមានការធ្វេសប្រហែសនោះទេ។
ព្រះមេគណខេត្តសៀមរាប បានណែនាំឱ្យព្រះសង្ឃគ្រប់វត្តទាំងអស់ ត្រូវប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ជានិច្ច បើទោះបីបច្ចុប្បន្ននេះ អត្រាអ្នកផ្ទុកមេរោគនេះ នៅកម្ពុជាមានការថយចុះក៏ដោយ ។ ជាពិសេសត្រូវអនុវត្តន៍ ឱ្យបានល្អនូវវិធានការការពារកុំឱ្យ ឆ្លងមេរោគកូវីដ ១៩ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ព្រោះមេរោគនេះវាកាចសារហាវ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់នៅទូទាំងពិភពលោក៕ ដោយ៖ ប៊ុនធឿន