ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានគូសបញ្ជាក់ថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ក្នុងរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ គឺបានត្រួតពិនិត្យរកឃើញករណីល្មើសមានដល់ ១៩ ០០៤ករណី ក្នុងនោះ ករណីល្មើសដោយម៉ូតូមានចំនួន១៤ ២៧១ករណី ស្មើនឹង៧៥ភាគរយ នៃចំនួនបទល្មើសសរុប។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីម្សិលមិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា ចំពោះករណីល្មើស លើរថយន្ដ ឬយានយន្ដគ្រប់ប្រភេទមានចំនួន ៤ ៧៣៣ករណី ស្មើនឹង២៥ភាគរយ។
លោកនាយឧត្ដមសេនីយ៍បានបន្ដថា បញ្ហាដែលត្រូវយកចិត្ដទុកដាក់ និងចង់ផ្សព្វផ្សាយដល់សាធារណជនក៏ដូចជា ប្រជាពលរដ្ឋឱ្យបានដឹងនោះ គឺបញ្ហាមិនពាក់មួកសុវត្ថិភាពក្នុងការបើកបរម៉ូតូ គឺជារឿងសំខាន់ដែលពួកគាត់នៅតែ មិនព្រមពាក់មួក ហើយបង្កឱ្យមានគ្រោះថ្នាក់ និងប្រឈមនឹងការបាត់បង់ជីវិត បង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ក្នុងនោះមានប្រមាណ៧៦ភាគរយ ក្នុងចំណោមអ្នកជិះម៉ូតូទាំងអស់។ ករណីយានយន្ដអត់ស្លាកលេខមានចំនួន១០ភាគរយ និងករណីល្មើសភ្លើងសញ្ញា ស្លាកសញ្ញាចរាចរណ៍មានចំនួន៨ភាគរយ។ ក្រៅពីនេះ មានករណីទូរស័ព្ទពេលកំពុងបើកបរ ការដឹកលើសចំណុះ និងបញ្ហាស្រវឹងមានចំនួនសរុប២ភាគរយ។
ចំពោះរថយន្ដវិញបទល្មើសដែលច្រើនជាងគេគឺការមិនពាក់ខ្សែក្រវ៉ាត់ គឺមានរហូតដល់៤៨ភាគរយ និងល្បឿនមាន២៦ភាគរយ ល្មើសសញ្ញាចរាចរណ៍មាន៦ភាគរយ ដឹកលើសចំណុះ៦ភាគរយ ទូរស័ព្ទក្នុងពេលបើកបរមានចំនួន៦ភាគរយ។ ដោយឡែកករណីគ្មានប័ណ្ណបើកបរមានចំនួន៤ភាគរយ អត់ស្លាកលេខ និងប្រើប្រាស់គ្រឿងស្រវឹងមានចំនួន៣ភាគរយ៕ ដោយ៖ ប៊ុនធឿន