ភ្នំពេញ៖ បន្តគ្មានអ្នកឆ្លងកូវីដ១៩ រយៈពេល ៣១ថ្ងៃជាប់ៗគ្នា ខណៈអ្នកជំងឺនៅសល់តែម្នាក់ប៉ុណ្ណោះ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០កាលពីម្សិលមិញនេះ។ នេះបើយោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១២១នាក់ ស្មើរនឹង ៩៩,១៨ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩។ ដោយក្នុងនោះ ជនជាតិចិនមាន ៣នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៤០នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរ ៥០នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលនៅសល់តែម្នាក់ទៀតប៉ុណ្ណោះ កំពុងដាក់ព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។ អ្នកជាសះស្បើយម្នាក់នោះ គឺបុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យចាកចេញពីមន្ទីពេទ្យហើយ។
គិតមកត្រឹមព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយកើនដល់ចំនួន ១២១នាក់ហើយ ខណៈអ្នកជំងឺនៅសល់ត្រឹមតែម្នាក់ទៀតប៉ុណ្ណោះ និងគ្មានករណីឆ្លងចំនួន ៣១ថ្ងៃជាប់ៗគ្នា៕ ដោយ៖ តារា