ផលិតកម្ម YG ចេញលិខិតសូមទោសក្រោយ Song Mino ទៅកម្សាន្តនៅក្លិបខណៈ Covid-19 កំពុងរាតត្បាត
ផលិតកម្ម YG Entertainment បានឆ្លើយតបទៅនឹងសារព័ត៌មានដែលថា Song Mino សមាជិករបស់ក្រុម WINNER ត្រូវបានគេប្រទះឃើញនៅឯក្លិបមួយកន្លែង ទោះបីជាមានគោលការណ៍ណែនាំរបស់រដ្ឋាភិបាលសម្រាប់ការឃ្លាតឆ្ងាយពីសង្គមដើម្បីការពារការរីករាលដាលនៃវីរុស Covid-19 ក៏ដោយ។
កាលពីថ្ងៃទី១២ ខែឧសភា យោងតាមសារព័ត៌មានផ្សាយដោយ Dispatch បានប្រាប់ឱ្យដឹងថា Song Mino ត្រូវបានគេប្រទះឃើញក្នុងក្លិបនៅស្រុក Yangyang County នាខេត្ត Gangwon កាលពីថ្ងៃទី៣ ខែឧសភា។
សារព័ត៌មានត្រូវបានចុះផ្សាយព្រមគ្នាជាមួយរូបថតដែលបញ្ជាក់ថា Song Mino បានឡើងច្រៀងបទ “Fiancé” ដោយប្រើមីក្រូហ្វូននៅកន្លែងឌីជេចាក់ភ្លេង។ ក្រោយពេលសារព័ត៌មានត្រូវបានចុះផ្សាយ ផលិតកម្ម YG Entertainment បានចេញលិខិតសូមទោស៖ “ពួកយើងបានបញ្ជាក់ជាមួយ Song Mino ហើយ ថ្មីៗនេះគេបានទៅដើរកម្សាន្តជាលក្ខណះពិសេសជាមួយអ្នកស្គាល់គ្នា។ ពួកយើងសូមទោសដែលធ្វើឱ្យគ្រប់គ្នាមានការព្រួយបារម្ភ។ ពួកយើងនឹងធ្វើការរិះគិតពិចារណាឱ្យខ្លាំងជាងនេះ ហើយនឹងប្រាប់ឱ្យ Song Mino ប្រកាន់ភ្ជាប់នឹងច្បាប់រក្សាគម្លាតសង្គម និងអនាម័យប្រចាំខ្លួន“៕