ស្រីបរមេស្វរៈត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោដោយយោងទៅតាមរូបសំណាក់ព្រះគោ ចំនួនបីចំពីមុខប្រាង្គទាំងបីនៃ ប្រាសាទនេះ។ ប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះថា ស្រីបរមេស្វរៈជាភាសាសំស្ក្រឹត។
ប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧-៨៨៩) ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា ហើយក៏ជា ប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសីផង។ ព្រះគោនេះ នៅក្នុងលទ្ធិព្រហ្មញ្ញសាសនា គឺជាយានជំនិះរបស់ព្រះឥសូរឈ្មោះគោនន្ទិ មានភ្នែក៣ ដែលមានមហិទ្ធិរិទ្ធស្មើព្រះឥសូរ គោនេះអាចជាយានជំនិះផង និងជាទីប្រឹក្សារបស់ឥសូរផង។
ចំណែកគោនៅក្នុងព្រះពុទ្ធសាសនាវិញគឺជារូបតំណាងឲ្យព្រះសមណគោតម។ ដូច្នេះព្រះគោក្នុងព្រហ្មញ្ញសាសនា បូកបញ្ចូលនឹងព្រះពុទ្ធសាសនា បានជាធ្វើឲ្យអ្នកស្រុកមានការគោរពបូជា និងបានហៅផ្លូវចូលប្រាសាទនេះថា ផ្លូវព្រះគោ ចំណែកស្រះដែលនៅខាងជើងនៃប្រាសាទព្រះគោ ហៅថាស្រះព្រះកែវ ហើយស្រះដែលនៅត្បូងហៅថាស្រះព្រះគោ និងតំបន់នៅក្នុងប្រាសាទនេះទាំងមូល ហៅថាភូមិព្រះគោព្រះកែវ៕