ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានជំងឺប្រចាំកាយ ឬយ៉ាងណាទេស្រាប់ តែដើរតាមផ្លូវសុខៗ ដួលសន្លប់ប្រកាច់រហូតដល់ស្លាប់។ ហេតុការណ៍នេះ បង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នៅវេលាម៉ោង២ និង២០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មានវ័យប្រហែលជាង៥០ឆ្នាំ មិនស្គាល់អត្តសញ្ញាណដើរម្នាក់ឯង ទិសដៅពីជើងទៅត្បួង។ មកដល់កន្លែងកើតហេតុ ស្រាប់តែ ដួលប្រកាច់បែកពពុះមាត់ ភ្លាមនោះ បងប្អូនប្រជាពលរដ្ឋ បានទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះបន្ទាន់ តែអកុសលបុរសខាងលើបានស្លាប់បាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ទំនាក់ទំនងទៅខាងរថយន្តដឹកសាកសពយកទៅវត្តរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ផេង ភាព