Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំនាញ ស្នើរដ្ឋាភិបាលអនុគ្រោះពន្ធអាជីវកម្ម និងចាត់វិធានការចំពោះការលក់ម៉ាស់ និងទឹកអាល់កុលលាងដៃក្នុងតម្លៃខ្ពស់

ខណៈមានការរិះគន់ខ្លាំង ទៅលើអ្នកលក់ម៉ាស់និងទឹកអាល់កុល នាពេលកន្លងមក ដែលឆ្លៀតយកឱកាសដំឡើងថ្លៃលក់ម៉ាស់ និងទឹកអាល់កុលខ្ពស់ទ្វេដង ក្នុងរដូវកាលកូវីដ១៩នេះ បានធ្វើឱ្យពលរដ្ឋមួយចំនួន គ្មានលទ្ធភាពទិញ សម្ភារទាំងនោះយកប្រើប្រាស់។

ឆ្លើយតបនិងបញ្ហានេះ អ្នកប្រកបអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងម្ចាស់អាជីវកម្មខ្នាតធំ ក្នុងវិស័យឧស្សាហកម្មទេសចរណ៍ បានរិះគន់ថា វាមិនមែនជាការរួមចំណែកធ្វើឱ្យប្រសើរ នូវការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ទេ ប៉ុន្តែវាបានកា្លយទៅជាឱកាស នៃការកេងចំណេញ យកផលប្រយោជន៍ ពីអ្នកលក់ម៉ាស់ និងទឹកអាល់កុល មកលើប្រជាពលរដ្ឋទៅវិញ។

ដោយមើលឃើញនូវរូបភាពបែបនេះ អ្នកពាក់ព័ន្ធបានស្នើឱ្យរដ្ឋាភិបាល ត្រូវបន្ធូរបន្ថយការយកពន្ធទៅលើអាជីវកម្មណាដែលរងផលប៉ះពាល់នៅចំពោះមុខ និង​ចាត់​វិធានការ​លើការនាំចូលម៉ាស់ និងទឹកអាល់កុល ដែលកំពុងទទួលបានផលចំណេញខ្ពស់។ 

បើតាមលោក ហ៊ាង វិទ្យា ប្រធានសមាគមអាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព បានឱ្យដឹងថា អ្នកលក់ម៉ាស់និងទឹកអាល់កុល កំពុងឆ្លៀតយកឱកាសធ្វើជាអ្នកមាន ក្នុងស្ថានភាពដែលប្រទេស កំពុងស្ថិតក្នុងភាពវឹកវរ។

លោកបញ្ជាក់ថា៖«ម៉ាស់១ប្រអប់តម្លៃ២០ដុល្លារ ដែលខុសគ្នាកាលពីមិនទាន់មានកូវីដតម្លៃម៉ាស់ តែត្រឹម៥ដុល្លារប៉ុណ្ណោះ ដែលនេះធ្វើឱ្យសមាជិកអ្នករកស៊ីក្រៅប្រព័ន្ធមិនមានលទ្ធភាពទិញ យកមកប្រើប្រាស់»។

ជាវិធានការ ដើម្បីជួយដល់សមាជិក ដែលមិនមានលទ្ធភាពទិញម៉ាស់ លោកហ៊ាង វិទ្យាបានស្វះស្វែងរកជំនួយឧបត្ថម្ភម៉ាស់​ និងទឹកអាល់កុលពីខាងសប្បុរជនទាំងអស់។ ជាមួយគ្នានេះ ក្រុមហ៊ុន Kohthmey technology បានដើរតួយ៉ាងសកម្ម ក្នុងនាមជាសប្បុជន ផ្តល់ម៉ាស់និងទឹកលាងដៃ ដោយមិនគិតថ្លៃ ទៅកាន់សាធារណៈជន ដែលគ្មានលទ្ធភាពទិញម៉ាស់ និងទឹកលាងដៃ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។

ជាក់ស្តែង អ្នកលក់ម៉ាស់ និងអាល់កុល កំពុងតែត្រូវប៉ាន់ខ្លាំង នៅក្នុងការប្រមូលអតិថិជនយ៉ាងច្រើនកុះករ ក្នុងរដូវកាលវិបត្តិកូវីដ១៩ ជាមួយនឹងការលក់ម៉ាស់និងអាល់កុល ដែលមានតម្លៃគុណនិង៣ដង។

ត្បិតការដំឡើងថ្លៃលក់ម៉ាស់ និងទឹកលាងដៃ មានការកើនឡើងគុណនឹង៣ដងយ៉ាងណាក៏ដោយ ប៉ុន្តែនៅតាមបណ្តាភោជនីយដ្ឋាន មួយចំនួនត្រូវតែបង្ខំចិត្តទិញ ដើម្បីយកមកប្រើប្រាស់ ទប់ស្កាត់មិនឱ្យមានការចម្លង នៅក្នុងតំបន់របស់ពួកគេ។

បើតាមអ្នកស្រីហាក់ លីណា ប្រធានសមាគមភោជនីយដ្ឋាននៅកម្ពុជាបានឱ្យដឹងថា វិស័យភោជនីយដ្ឋាន ត្រូវបានរងផលប៉ះពាល់ខ្លាំង ក្រោយពេលដែលវិបត្តិកូវីដ១៩ មានវត្តមានចូលមកកម្ពុជា ធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ។

អ្នកស្រីមានប្រសាសន៍ថា៖«បណ្តាភោជនីយដ្ឋានមួយចំនួនត្រូវបានបិទទ្វារ រីឯមួយចំនួនទៀតនៅតែបន្តបើកទ្វារប៉ុន្តែមិនមាន​ចំណូលទេ ថែមទាំងចំណាយទៅលើការទិញម៉ាស់ និងទឹកលាងដៃ ដែលមានតម្លៃថ្លៃខ្ពស់ជាងមុនទ្វេដង»។

ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ អ្នកស្រីស្នើដល់រដ្ឋាភិបាល គួរតែអនុគ្រោះការយកពន្ធលើអាជីវកម្ម ដែលកំពុងជួបផលលំបាលនៅចំពោះមុខ ហើយត្រូវបង្កើនការយកពន្ធពីការនាំចូលម៉ាស់និងទឹកលាងដៃវិញ នោះជាការប្រសើរ៕ ដោយ៖ ឃួន លក្ខិណា 

from: https://tnaot.com/km/m/detail/article/9209746