យន្តហោះដឹកទំនិញមួយគ្រឿង បានជួបគ្រោះថ្នាក់ ពេលដឹកជញ្ជូនទំនិញពីតំបន់ Sentani ទៅកាន់ស្រុក Tolikara ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង ក្រោយការហោះហើរបានតែ២នាទីប៉ុណ្ណោះ ដោយបណ្តាលឲ្យអាកាសយានិកស្លាប់។
ប៉ូលិសឥណ្ឌូនេស៊ី នៅថ្ងៃទី១២ ខែឧសភា បានប្រកាសថា យន្តហោះដឹកទំនិញមានលេខសញ្ញាហោះហើរ PK-MEC របស់ក្រុមហ៊ុនអាកាសចរណ៍ MAF បានជួបគ្រោះថ្នាក់ ធ្លាក់នៅក្នុងបឹង Sentani ក្នុងខេត្ត Papua នៅវេលាម៉ោង៦និង២៧នាទីព្រឹក ថ្ងៃទី១២ ខែឧសភា។
តាមប្រភពព័ត៌មានពីមូលដ្ឋានទាហានអាកាស Silas papare TNI បានបញ្ជាក់ថា យន្តហោះជួបគ្រោះថ្នាក់ ក្រោយហោះហើរបានតែ២នាទីប៉ុណ្ណោះ។
នៅពេលនេះ ក្រុមជួយសង្គ្រោះមកពីទាហានអាកាស Silas Papare បានទៅកាន់បឹង Sentani ដើម្បីស្វែងរកសពអាកាសយានិក អាចជាប់នៅខាងក្នុងបន្ទប់បើកបរយន្តហោះនៅឡើយ។ រីឯបឹង Sentani មានជម្រៅ រហូតដល់ទៅ១៣ម៉ែត្រ៕ ប្រែសម្រួលដោយ៖MEO