ប្រព័ន្ធផ្សព្វផ្សាយអាស្សង់ទីនកាលពីថ្ងៃទី១១ ខែឧសភា បានផ្សាយថា កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើម Lionel Messi របស់ក្លឹប Barcelona បានប្រកាសបរិច្ចាគទឹកប្រាក់ចំនួន ៥០០,០០០ អឺរ៉ូ (ប្រហាក់ប្រហែល ៥៤០,០០០ ដុល្លារ) ដើម្បីជួយប្រយុទ្ធប្រឆាំងការរីករាលដាលវីរុសកូវីដ១៩ នៅក្នុងប្រទេសអាហ្សង់ទីន ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TyC Sports បានអោយដឹងថា កីឡាករ Messi បានបរិច្ចាគថវិកាដល់មូលនិធិ ហ្គារ៉ាហាន់ (Garrahan) ដែលនឹងចែកចាយសម្ភារបរិក្ខាពេទ្យ រួមមាន ម៉ាស៊ីនដកដង្ហើម និងម៉ាស៊ីនខ្យល់ ដើម្បីផ្តល់សេវាថែទាំសុខភាពនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ។
កាលពីខែមេសា កីឡាករ Lionel Messi បានហៅបុគ្គលិកថែទាំសុខភាពថាជាវីរបុរស ខណៈការពារមនុស្សពីមេរោគឆ្លងរាតត្បាត ។
កីឡាករ Messi បានសរសេរនៅក្នុងបណ្តាញសង្គម Instagramថា «ម្សិលមិញនេះ សប្តាហ៍របស់បុគ្គលិកសុខាភិបាលពិភពលោកបានដល់ទីបញ្ចប់ ហើយរួមជាមួយអង្គការ យូនីសេហ្វ, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការងាររបស់បុគ្គលិកសុខាភិបាលពិភពលោកទាំងអស់ ដែលពួកគេបានធ្វើ ។ សម្រាប់ការងារបន្ត មិនថា មានអ្វីកើតឡើងនោះទេ ពួកគេបានប្តេជ្ញាប្រកដោយសេចក្តីថ្លៃថ្នូរ ថែរក្សាស្ត្រីមានផ្ទៃពោះ, ថែរក្សាកុមារ និងមនុស្សវ័យជំទង់» ។
កាលចុងខែមីនា ឆ្នាំ២០២០ កំពូលតារាបាល់ទាត់រូបនេះ ក៏ដូចជាកីឡាករក្នុងក្រុមបាល់ទាត់របស់ក្លិប Barca ផ្សេងទៀត បានយល់ព្រម កាត់បន្ថយប្រាក់ខែរបស់ខ្លួនចំនួន ៧០ ភាគរយ ដើម្បីបរិច្ចាគដល់បុគ្គលិក និងនិយោជិករបស់ក្លឹបទាំងមូល ឱ្យពួកគេទាំងនោះទទួលបានប្រាក់ខែពេញលេញ អំឡុងពេលកំពុងចាក់សោ ឬបិទប្រទេសអេស្ប៉ាញនោះ ។
កីឡាករ Lionel Messi ជាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ដែលលេង និងជាប្រធានក្រុមទាំងនៅក្លឹប Barcelona របស់អេស្ប៉ាញ និងទាំងនៅក្រុមជម្រើសជាតិរបស់អាហ្សង់ទីន ។ក្រសួងសុខាភិបាលជាតិអាស្សង់ទីនបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១១ ខែឧសភា នៅអាហ្សង់ទីន មានករណីឆ្លងកូវីដ១៩ ចំនួន ៦ ២៦៥ ករណី ក្នុងនោះ ៣១៤ នាក់បានស្លាប់ ៕ ប្រែសម្រួលដោយ៖ thach yat