មានការរញ្ជួយដីកម្រិត៤រ៉ិចទ័រ វាយប្រហារកូរ៉េខាងជើង ហើយទីតាំងរញ្ជួយដី មានចម្ងាយពីទីក្រុង Kosan របស់កូរ៉េខាងជើង ប្រហែល២៨គីឡូម៉េត្រ។
បើតាមមជ្ឈមណ្ឌលតាមដានការរញ្ជួយដី EU (EMSC) បានប្រកាសថា រញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ ក្រសួងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង ក៏បានផ្ញើសារតាមទូរស័ព្ទដៃទៅកាន់ពលរដ្ឋ ស្តីពីការរញ្ជួយដីកម្រិត៤រ៉ិចទ័រ នៅស្រុកPyeonggang ទីក្រុង Kosan កូរ៉េខាងជើង ។
តាមការលើកឡើងរបស់ ក្រុមអ្នកឯកទេសEU (EMSC) រញ្ជួយដីខាងលើកើតឡើង នៅវេលាម៉ោង១៩ និង ៤៥នាទី ស្ថិតនៅក្នុងស្រុក Pyeonggang ខេត្ត Kangwon កូរ៉េខាងជើង ដែលជាខេត្តជាប់ព្រំដែនកូរ៉េខាងត្បូង ។
ជាមួយគ្នានេះដែរ កូរ៉េខាងត្បូង ក៏ដូចជា អាមេរិក បានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរញ្ជួយដី នៅកូរ៉េខាងជើង ដោយការរញ្ជួយដីអាចកើតចេញពីការសាកល្បងគ្រាប់បែកបរមាណូក្រោមដី ដូចជា ពេលកន្លងមក។ កាលពីខែកញ្ញា ឆ្នាំ២០១៩ នៅកូរ៉េខាងជើងក៏មានការរញ្ជយយដី កម្រិត៣,៥រ៉ិចទ័រផងដែរ៕ ប្រែសម្រួលដោយ៖ MEO