សល់តែម្នាក់ទៀតទេ កម្ពុជានឹងក្លាយជាប្រទេសដំបូងបង្អស់នៅអាស៊ាន លែងមានអ្នកផ្ទុកកូវីដ ១៩
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងជំងឺឆ្លង CDC នៅព្រឹកថ្ងៃអង្គារ៍នេះ បានប្រកាសពីករណីជាសះស្បើយម្នាក់ទៀត ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ទាំង ២ ដែលនៅសេសសល់ នាំឲ្យកម្ពុជា នៅសល់តែមួយករណីទៀតប៉ុណ្ណោះ នឹងក្លាយជាប្រទេសគ្មានវីរុសកូវីដ ១៩ តទៅទៀតឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បុរសខ្មែរឥស្លាមមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ វ័យ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង បានជាសះស្បើយពីជំងឺកូវីដ ១៩ ក្រោយបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយធ្វើតេស្តអវិជ្ជមានចំនួន ២លើក។
ជាមួយដំណឹងសះស្បើយថ្មីនេះ នាំឲ្យតួលេខអ្នកជាសរុបកើនដល់ ១២១នាក់ ក្នុងចំណោមអ្នកឆ្លង ១២២នាក់ ខណៈអ្នកជំងឺម្នាក់នៅសល់ម្នាក់ប៉ុណ្ណោះ ជាស្ត្រីនៅខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏មិនបានរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីនោះទេ ប៉ុន្តែក្រសួងនៅតែអំពាវនាវឲ្យបងប្អូនខ្មែរ បន្តការពារខ្លួន ថែរក្សាអនាម័យឲ្យខ្ជាប់ខ្ជួន៕ ដោយ៖ សុភា