សមយុទ្ធបាញ់ខុសបច្ចេកទេសចំលើនាវាខ្លួនឯងរបស់កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងខ្ពស់។ មកទល់នឹងពេលនេះ អ៊ីរ៉ង់ បានប្រកាសថា មានទាហាន១៩នាក់ស្លាប់ និង ១៥នាក់រងរបួស នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត របស់កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ ។
យោងតាមសារព័ត៌មានអ៊ីរ៉ង់ FARS បានផ្សាយថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយក៏បានជួយដល់ទាហានរងរបួសបញ្ជូនមកកាន់កំពង់ផែ ដើម្បីព្យាបាល។ មន្ត្រីជំនាញអ៊ីរ៉ង់នឹងបើកការស្រាវជ្រាវករណីខាងលើនេះ។
សារព័ត៌មានក្នុងស្រុក បានផ្សាយថា នាវាចម្បាំង Jamaran របស់កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC បានបាញ់មីស៊ីលចំលើនាវា សណ្តោង Konarak របស់ទាហានជើងទឹក ដែលចាកចេញពីគោលដៅ មិនទាន់ពេលវេលា ក្រោយពេលអូសនាវាចាស់ទៅកាន់ទីកន្លែង សម្រាប់គោលដៅមីស៊ីលបាញ់ប្រហារ។
ដោយឡែកបណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បានផ្សាយថា នេះជាគ្រោះថ្នាក់ ដោយសារតែនាវាសណ្តោងនៅជិតគោលដៅដែលត្រូវវាយប្រហារខ្លាំងពេក ទើបមានហេតុការណ៍ដ៏អាក្រក់បែបនេះកើតឡើង៕ ប្រែសម្រួលដោយ៖MEO