ដោយសារភ្លើងប្រចណ្ឌបណ្តាលឱ្យអតីតបុរសជាប្តីជិះម៉ូតូមកកៀរម៉ូតូប្រពន្ធធ្លាក់ផ្លូវ រួចចាប់គ្រៀក.កវាយសម្លាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅលើចំណុចផ្លូវបេតុងចូលវត្តស្អាងភ្នំ ខាងកើតស្ពានបឹងកាចាន់ ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមការផ្តល់ព័ត៌មានពីនគរបាលបានឱ្យដឹងថា កន្លងមកជនសង្ស័យ និងជនរងគ្រោះជាប្តី-ប្រពន្ធបានឈ្លោះប្រកែកលែងលះគ្នារយៈពេលជាង ០១ខែ មកហើយ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែជនសង្ស័យជាប្តីបានជិះម៉ូតូទៅកៀរម៉ូតូរបស់ជនរងគ្រោះជាប្រពន្ធ បណ្តាលឱ្យធ្លាក់ពីចិញ្ចើមផ្លូវរួចអង្គុយនិយាយជាមួយប្រពន្ធបានបន្តិច ជនសង្ស័យក៏បានយកដៃឆ្វេងកៀក.កជនរងគ្រោះ ហើយយកដៃស្តាំដាល់ទៅលើដើមទ្រូង ទើបជនសង្ស័យឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យ តែដោយសារធ្ងន់ធ្ងរខ្លាំងពេកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្អាង។
គួរបញ្ជាក់បន្ថែមផងដែរថា ជនសង្ស័យមានឈ្មោះ ជួន សារ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះមានឈ្មោះ នី ឡេហ្សា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល៕ ដោយ ៖ សុង យូ