តាមប្រភពប៉ូលិសបានឱ្យដឹងថា មានមនុស្សចំនួន ២៤ នាក់ ដែលក្នុងនោះមាន ២២នាក់ជាជនបរទេស និង២នាក់ជាជនជាតិថៃ ត្រូវបានចាប់ខ្លួនក្នុងបារមួយនៅលើកោះ Samui កាលពីយប់ថ្ងៃអាទិត្យពីបទរំលោភលើក្រឹត្យអាសន្នរបស់ប្រទេសថៃ។
ដោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងតំបន់ ប៉ូលិសនិងមន្រ្តីរដ្ឋបាលដឹកនាំដោយលោកវរសេនីយ៍ទោ Manoj Chanthiang អនុប្រធានប៉ុស្តិ៍ប៉ូលិសនៃតំបន់ Bo Phut កោះ Samui បានឆ្មក់ចូលទៅបារ La Bohemia ភ្លាមៗតែម្តង។ ពេលប៉ូលិសទៅដល់កន្លែងកើតហេតុឃើញថាមានជនបរទេស ២២នាក់ និងជនជាតិថៃ ២នាក់កំពុងរាំលេងនិងផឹកគ្រឿងស្រវឹង។ ម្ចាស់បារត្រូវបានគេស្គាល់ឈ្មោះថា Quentin Thioliet អាយុ២៤ឆ្នាំ ជាជនជាតិបារាំង។ គាត់មានកូនឈ្នួលរត់តុចំនួន៣នាក់ជាជនជាតិមីយ៉ាន់ម៉ា ហើយក្នុងចំណោមពួកគេមានតែម្នាក់ប៉ុណ្ណោះដែលមានប័ណ្ណការងារ។ គួរបញ្ជាក់ផងដែរថា បារនោះកំពុងតែដំណើរការដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវទេ។
រូបតំណាង
ទាំងម្ចាស់ហាងនិងបុគ្គលិកត្រូវបានចោទប្រកាន់ពីបទរំលោភលើក្រឹត្យអាសន្នរបស់រដ្ឋាភិបាលដែលហាមឃាត់ភោជនីយដ្ឋានលក់គ្រឿងស្រវឹង និងហាមការជួបជុំដែលអាចនាំឱ្យមានការរីករាលដាលនៃវីរុសកូរ៉ូណា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post