ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងពីទីក្រុងប៉េកាំង ប្រទេសចិន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។
សូមជម្រាបថា ព្រះមហាក្សត្រ និងព្រះវររាជមាតា បានយាងទៅពិនិត្យ ព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ។ រយៈពេល២ថ្ងៃមុនយាងនិវត្តន៍មកកម្ពុជាវិញ ព្រះអង្គបានជួបទីប្រឹក្សារដ្ឋ លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន ដែលបានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់សួរព្រះរាជសុខទុក្ខ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលព្រះអង្គកំពុងតែគង់ប្រថាប់ពិនិត្យ ព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងប្រទេសចិន។
លោក Wang Yi បានមានប្រសាសន៍ថា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់បានបន្តរក្សាមិត្តភាពប្រពៃណីជាមួយ ចិនបន្ទាប់ពីសម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ដេចយាងរួមចំណែកជាថ្មីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមិត្តភាពរវាងចិន និងកម្ពុជា។
ក្នុងឳកាសនោះ ព្រះមហាក្សត្រខ្មែរ បានអបអរសាទរជាមួយមហាសមិទ្ធផល នៃកិច្ចទប់ស្កាត់ នឹងជំងឺកូវីដ១៩ ក្នុងប្រទេសចិន ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតីចិន ព្រះអង្គបានសព្វព្រះទ័យវាយតម្លៃខ្ពស់ ចំពោះគំនិតគ្រប់គ្រង និងអនុវត្តគោលការណ៍ របស់រដ្ឋាភិបាលចិនដែលផ្តោតសំខាន់លើប្រជាជនជាធំ ទ្រង់បានថ្លែងអំណរគុណដល់ជំនួយរបស់ប្រទេសចិនក្នុងកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ ភាគីកម្ពុជានឹងបន្តពង្រឹងកិច្ចពិភាក្សាបទពិសោធន៍ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសជាមួយភាគីចិន ដើម្បីរក្សាសុខសុវត្ថិភាពអាយុជីវិតប្រជាជន៕ ដោយ៖ ប៊ុនធឿន