ភ្នំពេញ៖ សរុបវត្ថុសំណាកធ្វើវិភាគ ទាំងអស់មាន ១៤ ០៩៤ សំណាកសម្រាប់ទូទាំងប្រទេស គិតចាប់តាំងពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០ ដែលក្នុងចំណោមប្រជាជនមួយលាននាក់ កម្ពុជាបានធ្វើវិភាគចំនួន ៨៦៧ សំណាក ជាចំនួនច្រើនជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានយើងនេះ។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា តាមស្ថានភាពនៃការឆ្លងវីរុសកូវីដកន្លងមក ភាគច្រើននៃករណីដែលបានរកឃើញថាមានវីរុសនេះ សុទ្ធសឹងជាករណីនាំចូលមកពីក្រៅប្រទេស ដែលយើងត្រូវបន្តការយកចិត្តទុកដាក់លើវិធានការរឹតបន្តឹងការធ្វើដំណើរមកពីប្រទេសដែលមានការឆ្លងច្រើន។
ក្នុងនោះមានដូចជា ប្រទេសអាមេរិក អ៉ីតាលី អាល្លឺម៉ង អេស្ប៉ាញ បារំាង និងអ៉ីរ៉ង់ ហើយការពន្យាសុពលភាពរហូតដល់ស្ថានភាព នៃការឆ្លងវីរុសនេះ មានការធូរស្រាលដោយមានការវាយតម្លៃរួមគ្នា ជាមួយអង្គការសុខភាពពិភពលោក។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការចត្តាឡីស័កចំនួន១៤ ថ្ងៃនេះ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមចំណែកការពារកុំឲ្យមានការចម្លងវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា និងសូមអាជ្ញាធរពាក់ព័ន្ធសហការបន្តអនុវត្តន៍ តាមដាន អ្នកដំណើរចូលក្នុងប្រទេស និងអនុវត្តន៍ ការធ្វើចត្តាឡីស័កនេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់៕ ដោយ៖ ប៊ុនធឿន