យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា មនុស្សជាច្រើនបានរងរបួស បន្ទាប់ពីការបាញ់ប្រហារមួយបានកើតឡើងនៅសួនឧទ្យាន Fort Worth ភាគអាគ្នេយ៍នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
ប៉ូលិសក្នុងតំបន់ Fort Worth បានអន្តរាគមន៍តបតនឹងការផ្ទុះអាវុធនៅក្នុងឧទ្យាន Wilbargerនោះ ។ យ៉ាងហោចណាស់មនុស្ស ៥ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនេះផងដែរ ។ នេះបើតាមការផ្សាយរបស់ប្រភព sputnik ថ្ងៃទី១១ ខែឧសភា ។
មុននេះ កាសែត The Fort Worth Star Telegram បានផ្សាយថា មានអ្នករងរបួសចំនួន ៤ នាក់ ក្នុងនោះមាន ២ នាក់ របួសធ្ងន់ធ្ងរ ។ ការបាញ់នេះ បានកើតឡើងនៅម៉ោងប្រហែល ៦ និង ៣០ នាទីល្ងាច ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក MedStar បញ្ជាក់ថា មនុស្សចំនួន៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីឧប្បត្តិហេតុនេះ ហើយម្នាក់ទៀត ស្ថិតនៅនៅកន្លែងកើតហេតុ ជាអ្នករងរបួសទីបួន ។ មូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ដឹងនៅឡើយទេ ។
រូបថត និងវីដេអូត្រូវបានចែករំលែកនៅលើបណ្តាញសង្គមផងដែរ ។ វត្តមានរបស់ប៉ូលិសជាច្រើននៅកន្លែងកើតហេតុ ។ មិនទាន់ដឹងថា តើខ្មាន់កាំភ្លើងត្រូវប៉ូលិសចាប់ខ្លួនបានឬយ៉ាងណានោះទេ ។
រថយន្តស៊ីរ៉ែនរបស់ប៉ូលិសបានបើកយ៉ាងទ្រហឹងអឺងកងផងដែរ ។ មិនមានព័ត៌មានលម្អិតនៅពេលភ្លាមៗទេ ។ ការស៊ើបអង្កេតកំពុងដំណើរការ ៕ ប្រែសម្រួលដោយ៖ thach yat