នោមច្រើន ឬពាក្យបច្ចេកទេសថា Nocturia គឺជាពាក្យបច្ចេកទេស ដែលសំដៅទៅលើ ការបត់ជើងតូចច្រើន នៅពេលយប់។ ដោយសារ តាមធម្មតា អំឡុងពេលដែលយើងដេក រាងកាយរបស់យើងផលិតទឹកនោម ក្នុងកម្រិតមួយតិចតួចប៉ុណ្ណោះ ប៉ុន្តែក្នុងករណីអ្នកជម្ងឺនេះ ភ្ញាក់ពីដំណេកដើម្បីបត់ជើងតូច យ៉ាងហោច ២ ដង ឬច្រើនជាងនេះ ក្នុងមួយយប់។
រោគសញ្ញានៃជំងឺនេះមានដូចជា៖
• នោមញឹកញាប់ទាំងយប់ទាំងថ្ងៃ
• នោមឈឺឬក្រហាយ និងពិបាកនោម។
ជម្ងឺនេះ កើតលើមនុស្សគ្រប់វ័យ តែភាគច្រើន កើតលើមនុស្សចាស់។
មូលហេតុ បង្កឱ្យមានជម្ងឺនេះ អាចបណ្ដាលមកពី កត្តាជាច្រើនដូចខាងក្រោម៖
១. ក្នុងស្ថានភាពជំងឺមួយចំនួន
មូលហេតុចម្បងដែលបង្កឱ្យមានរោគសញ្ញានោមយប់ច្រើន គឺដោយសារការបង្ករោគនៅផ្លូវបង្ហូរនោម និងកត្តាផ្សេងទៀតដូចជា៖
• ការលាកក្រពេញប្រូស្តាតនឹងការរីកក្រពេញប្រូស្តាត
• ការស្រុតចុះនៃសរីរាង្កប្លោកនោម
• មានដុំសាច់នៅប្លោកនោម, នៅក្រពេញប្រូស្តាត ឫដុំសាច់នៅក្នុងអាងត្រគាក ចំពោះស្រ្តីជាដើម។
• ចំពោះអ្នកជំងឺទឹកនោមផ្អែម
• អ្នកជំងឺមានវិបត្តិផ្លូវចិត្ត
• ការបង្ករោគនៅក្នុងតំរង់នោម
• ចំពោះអ្នកជំងឺមានបញ្ហាខ្សោយសរីរាង្ក ដូចជាខ្សោយបេះដូងនិង ខ្សោយសរីរាង្កថ្លើមជាដើម។
• ចំពោះអ្នកជំងឺគេងស្រមុក
• ជំងឺផ្នែកប្រពន្ធ័ប្រសាទដូចជា ជំងឺ Parkinson នឹង Spinal cord compression( ដោយសារគ្រោះថ្នាក់ជាដើម)។
២.ចំពោះស្រ្តីមានផ្ទៃពោះ
រោគសញ្ញានោមយប់ញឹកញាប់ក៏កើតមាន ចំពោះស្រ្តីមានផ្ទៃពោះ ក្នុងអំឡុងត្រីមាសដំបូង និងជិតគ្រប់ខែផងដែរ។
៣.ការប្រើប្រាស់ថ្នាំពេទ្យ
ផលរំខាននៃការប្រើថ្នាំមួយចំនួន ក៏ជាមូលហេតុនាំឱ្យ នោមយប់ច្រើនផងដែរ ដូចជាថ្នាំ Diuretic ដែលប្រើសំរាប់ព្យាបាល ការលើសសំពាធឈាមជាដើម។
៤.របៀបរបបក្នុងការរស់នៅ
ការទទួលទានទឹកច្រើន ក៏ជាមូលហេតុផងដែរ។ សារធាតុអាកុល និង សារធាតុកាហ្វេអុីនគឺជា Diuretic ( ធ្វើអោយមាន ការបញ្ចុះទឹកនោម ), ការទទួលទានស្រា និងកាហ្វេច្រើន ក៏អាចឱ្យអ្នកនោមច្រើន នៅពេលយប់ផងដែរ។
ការធ្វើរោគវិនិច្ឆ័យ៖
• ពិនិត្យឈាមៈ រកមើលការបង្ករោគក្នុងឈាម មុខងារតំរងនោម មុខងារក្រពេញ thyroid, ពិនិត្យរកមើលការប្រឈម នឹងទឹកនោមផ្អែម និងបញ្ហាផ្សេងទៀត។
• វិភាគទឹកនោម និងបណ្តុះរកមេរោគក្នុងទឹកនោម ដើម្បីរកមើលការបង្ករោគផ្លូវទឹកនោម។
• ឆ្លុះប្លោកនោមៈ រកមើលដុំសាច់ក្នុងប្លោកនោម និងរកមើលបញ្ហាផ្សេងៗ ក្នុងប្លោកនោម។
• អេកូសាស្រ្ត ដើម្បីពិនិត្យរកមើលបញ្ហា ក្នុងតំបន់អាងត្រគាក និងពិនិត្យមើលសរីរាង្កក្នុងពោះ។
ការព្យាបាល៖
ផ្លាស់ប្តូររៀបរបបក្នុងការរស់នៅ
• កាត់បន្ថយការទទួលទានទឹកនៅពេលយប់ និងត្រូវញាំមុនពេលចូលគេងយ៉ាងតិច ២ទៅ ៤ម៉ោង។
• ត្រូវកាត់បន្ថយការផឹក កាហ្វេ ស្រា និងតែ នៅពេលល្ងាច។
• គ្រប់គ្រង់ការប្រើប្រាស់ថ្នាំបញ្ចុះទឹកនោមរបស់អ្នក
ក្នុងករណីអ្នកទទួលថ្នាំបញ្ចុះទឹកនោម អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ក្នុងការញ៉ាំថ្នាំអោយបាន ៦ ម៉ោងមុនពេលចូលគេង នោះវានឹងកាត់បន្ថយការនោមច្រើននៅពេលយប់។
ប្រសិនបើការផ្លាស់ប្តូរបៀបរបបក្នុងការស់ ហើយនៅតែមិនអាចជួយឱ្យកាត់បន្ថយបាន អ្នកអាចធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមើលមូលហេតុដែលបង្ក៕
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ជីវ វ៉េងដារ៉ូត (Health Education Series)