ប្រភព Sputnik ផ្សាយនៅថ្ងៃទី១១ ខែឧសភាថា ភ្លាមៗបន្ទាប់ពីសារព័ត៌មាន Bloomberg ផ្សាយថា លោកអនុប្រធានាធិបតីអាមេរិក Mike Pence ចាប់ផ្តើមនៅឆ្ងាយដាច់ដោយឡែកពីគេឯងនោះ លេខាធិការព័ត៌មានរបស់គាត់បានប្រកាសច្រានចោលព័ត៌មាននេះភ្លាម ហើយ បានថ្លែងថា លោកអនុប្រធានាធិបតី នឹងមានវត្តមាន នៅសេតវិមានតាមការគ្រងទុកនៅថ្ងៃស្អែក ។
កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា លេខាធិការសារព័ត៌មានរបស់អនុប្រធានាធិបតី Mike Pence គឺលោកស្រី Katie Miller បានធ្វើតេស្តវិជ្ជមានវីរុស COVID-19 ។
អ្នកនាំពាក្យអនុប្រធានាធិបតី Pence លោក Devin O’Malley បានថ្លែង កាលពីថ្ងៃទី១០ ខែឧសភាថា លោកអនុប្រធានាធិបតី Pence នឹង បន្តអនុវត្តតាមការណែនាំរបស់អង្គភាពវេជ្ជសាស្ត្រ នៃសេតវិមាន និងមិនស្ថិតនៅដាច់ពីគេឯងនោះទេ ។ លើសពីនេះទៀត លោកអនុប្រធានាធិបតីបានធ្វើតេស្តអវិជ្ជមានរាល់ថ្ងៃ ហើយគ្រោងនឹងធ្វើនៅឯសេតវិមាន នៅថ្ងៃស្អែកនេះ” ។
មុននេះ សារព័ត៌មាន Bloomberg បានដកស្រង់សម្ដីប្រភពនានា ដែលបានលើកឡើងថា លោក Pence បានចាប់ផ្តើម នៅដាច់ដោយឡែកតែខ្លួនឯង គឺនៅឆ្ងាយពីសេតវិមាន។ ការសម្រេចចិត្តនេះ បន្ទាប់ពីការភ្ជាប់ទៅនឹងព័ត៌មានកាលពីថ្ងៃទី៨ ខែឧសភា ដែលថា លេខាធិការព័ត៌មានរបស់លោក គឺលោកស្រី Katie Miller បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ ១៩។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោកអនុប្រធានាធិបតី Pence មិនបានចូលរួមក្នុងកិច្ចប្រជុំជាមួយលោក Trump និងមន្រ្តីយោធាជាន់ខ្ពស់ដែលបានធ្វើឡើង នៅថ្ងៃទី៩ ខែឧសភានោះទេ បើទោះជាគាត់ត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តអវិជ្ជមាន កូវីដ១៩ នៅថ្ងៃដដែលនោះយ៉ាងណាក៏ដោយ។
ការផ្សព្វផ្សាយព័ត៌មាននេះបានអះអាងទៀតថា ការសម្រេចចិត្តនៅដាច់ដោយឡែករបស់លោកអនុប្រធានាធិបតីអាមេរិករូបនេះ មិនត្រូវបានប្រកាសជាសាធារណៈនោះឡើយ ។
ទិន្នន័យចុងក្រោយបង្អស់ដែលប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានករណីឆ្លងកូវីដ១៩ ចំនួន ១ ៣២៨ ២០១ នាក់ ក្នុងនោះបានស្លាប់ ៧៩ ៥០៨ នាក់ ៕ ប្រែសម្រួលដោយ៖ thach yat