នៅវេលាម៉ោង ០១និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍បុកគ្នាជាមួយម៉ូតូ បណ្តាលឱ្យយុវជន ០២នាក់ បានស្លាប់ ត្រង់ផ្លូវបំបែកជាបួនតាមបណ្តោយផ្លូវដួងងៀប កែងនឹងផ្លូវប្រឡាយ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសន្តិសុខដែលនៅទីតាំងកើតហេតុបានឱ្យដឹងថា មុនដំបូងឡើយគាត់ឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HR-8272 បើកបរឌុបគ្នា ០៣នាក់ តាមបណ្តោយផ្លូវបេតុងប្រឡាយទឹកស្អុយ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងរបស់ក្រុមហ៊ុន ថៃហ្គ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1737 បើកបរតាមបណ្តោយផ្លូវដួងងៀប ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន បានមកបុកជាមួយម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវស្លាប់ម្នាក់បន្ថែមទៀតក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយបង្កហេតុអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍បានព្យាយាមបើករត់គេចរហូតទៅដល់ផ្លូវ២០០៤ ច្រកចូលវត្តអង្គតាមិញ ក៏បានឈប់រថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅកន្លែងកើតហេតុមានឈ្មោះ អ៊ិន សឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅសាលាអង្គការផ្លាស់ប្តូរ ផ្នែកតន្ត្រី មានទីលំនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសាកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិចាត់ចែងរៀបចំពិធីបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ដោយ ៖ សុង យូ