ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនដល់ចំនួនជិត ១០០០នាក់ហើយ បន្ទាប់ពីក្លាយជាប្រទេសលំដាប់ទី៤ ក្នុងពិភពលោកដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។
រូបតំណាង
លោក Achmad Yurianto អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យថា មនុស្ស ១៤ នាក់ថ្មីបានស្លាប់ដោយសារវីរុសកូរ៉ូណាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនៅប្រទេសឥណ្ឌូនេស៊ីដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសកើនដល់ទៅ ៩៧៣នាក់។ ចំនួនអ្នកធ្វើតេស្តវីរុសកូរ៉ូណាវិជ្ជមានបានកើនឡើងដល់ ១៤ ០៣២ ករណីដោយរាប់បញ្ចូលទាំងអ្នកឆ្លងថ្មីចំនួន ៣៨៧នាក់។ លោក Yurianto បានមានប្រសាសន៍ថា មានចំនួនមនុស្សដែលសង្ស័យថាឆ្លងវីរុសនិងបង្ហាញរោគសញ្ញាជាច្រើននាក់ ហើយអ្នកដែលរង់ចាំការបញ្ជាក់លទ្ធផលធ្វើតេស្តពីគ្លីនិកមានចំនួនដល់ទៅ ៣ម៉ឺននាក់។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះមានអ្នកជំងឺសរុបចំនួន ២៦៩៨ នាក់បានជាសះស្បើយពីវីរុសកូរ៉ូណាវិញហើយ។
បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីកំពុងរឹតបន្តឹងការធ្វើដំណើររបស់ប្រជាជន ហើយរដ្ឋាភិបាលក៏កំពុងត្រៀមវិធានការធ្វើតេស្តប្រជាជនទូទាំងប្រទេសផងដែរ។ លើសពីនេះទៅទៀតរដ្ឋាភិបាលក៏កំពុងតែបារម្ភចំពោះហានិភ័យរបស់បុគ្គលិកពេទ្យដែលមើលថែអ្នកឆ្លងជំងឺនៅតាមមន្ទីរពេទ្យនានាយ៉ាងខ្លាំង។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post