ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ កើតឡើងនៅវេលាម៉ោង៥ជិតភ្លឺថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ១៨២កែង និងផ្លូវ២២៣ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនរងគ្រោះខាងលើ ជិះម៉ូតូដឹកតៅហ៊ូយកទៅឲ្យម៉ូយតាមហាង លុះដល់ចំណុចកើតហេតុមានយុវជនម្នាក់ជិះម៉ូតូហុងដាសេ១២៥សេរីឆ្នាំ២០២០ បើកបញ្ច្រាសទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿន សង្ស័យរត់គេចពីសមត្ថកិច្ចដេញតាមក្រោយ បានបោះពួយទៅបុកម៉ូតូរបស់ជនជាតិចិនយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសជនជាតិចិនដួលបោកក្បាលហូរឈាមស្លាប់ភ្លាមៗតែម្តង។ ចំណែកជនបង្ករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។
ប្រភពមួយទៀតដែលនៅក្បែរកន្លែងកើតហេតុ បានលួចខ្សិបប្រាប់ថាករណីខាងលើនេះ ផ្តើមចេញពីចោរឆក់កាបូប ដែលសមត្ថកិច្ចដេញប្រផុតប្រផើយ បណ្តាលឲ្យជនសង្ស័យភ័យស្លន់ស្លោរេចង្កូតទៅបុកបុរសជនជាតិចិន ដោយកំពុងជិះម៉ូតូស្លាប់ដោយមិនដឹងខ្លួនបែបនេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគបាលខណ្ឌទួលគោក និងអាវុធហត្ថខណ្ឌទួលគោក កំពុងតែបើកការស្រាវជ្រាវជុំវិញការស្លាប់របស់ជនជាតិចិនខាងលើនេះ៕ ដោយ សួង សាម