ភ្នំពេញ៖ លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់មន្ត្រីគ្រប់ផ្នែក និងស្ថាប័នពាក់ព័ន្ធទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ព្យាបាលជនជាតិបារាំងដែលមានជំងឺកូវីដ ១៩ ទាំង៤០នាក់ នៅក្នុងប្រទេសកម្ពុជាឱ្យបានជាសះសើ្បយ។
លោកស្រីឯកអគ្គរដ្ឋទូតបានធ្វើការថ្លែងការអរគុណបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល កាលពីម្សិលម៉ិញ។ នេះបើយោងតាមការផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។
លោកស្រី អេវ៉ា ង្វៀនប៊ិញ បានសម្តែងនូវសេចក្ដីរីករាយដែលជនជាតិបារាំងបានជាសះសើ្បយទាំងអស់ពីជំងឺកូវីដ១៩ និងបានត្រឡប់ទៅជួបជុំគ្រួសារវិញ ក៏ដូចជាអ្នកជំងឺកូវីដ ១៩ ស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជា។ លោកស្រី បានគូសបញ្ជាក់ថា ស្ថានភាពនៅកម្ពុជាមានភាពល្អប្រសើរ ប៉ុន្តែយើងគួរបន្តការប្រុងប្រយ័ត្ន។
លោកស្រីថា គម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងក្នុងការផ្តល់ជំនួយឥតសំណងចំនួន២លានអឺរ៉ូ ដើម្បីផ្តល់ការគាំទ្រដល់មន្ទីរពិសោធន៍ឈានមុខគេនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះក៏មានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ (ជាវិទ្យាស្ថានកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការ ដ៏ស្អិតល្មួតជាមួយប្រទេសបារាំង)។
លោកស្រីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏បានជម្រាបផងដែរអំពីការផ្តល់ជំនួយរបស់បារាំង ដែលមានទឹកប្រាក់ចំនួន ៤០០,០០០ អឺរ៉ូ ដល់គម្រោងស្រាវជ្រាវចំនួន៣នៅកម្ពុជា ដែលស្រាវជ្រាវលើជំងឺកូវីដ១៩៕ ដោយ៖ ប៊ុនធឿន