នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បារាំងចាប់ផ្តើមបន្ធូរបន្ថយជាបណ្តើរៗវិធានការចាក់សោ ឬបិទប្រទេសដើម្បីប្រឆាំងវីរុសនោះហើយ ។
បារាំងបានប្រកាសចាក់សោ ឬបិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូរ៉ូណាថ្មី ឬកូវីដ១៩ (COVID-19) បានរយៈពេលប្រហែល៨សប្តាហ៍ ។ សាលារៀន និងដំណើរការអាជីវកម្មនៅក្នុងប្រទេសនេះ ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ ចាប់ពីថ្ងៃទី១១ ខែឧសភាតទៅ ។ នេះបើតាមការផ្សាយរបស់ប្រភព france 24 ។
ការបន្ធូរបន្ថយនេះ គឺពលរដ្ឋអាចធ្វើដំណើរបានរយៈ១០០គីឡូម៉ែត្រ ដោយមិនចាំបាច់បំពេញបែបបទដូចកាលពីមុនទៀតឡើយ ។ ការប្រមូលផ្តុំគ្នាទៀតសោត គឺអនុញ្ញាតឲ្យចំនួន១០នាក់ ។ កាលពីមុន មានការកំណត់ឲ្យរត់លំហាត់ប្រាណតែមួយម៉ោងនៅខាងក្រៅ ប៉ុន្តែពេលនេះត្រូវបានបន្ធូរបន្ថយ ។ ឆ្នេរសមុទ្រខ្លះនឹងចាប់ផ្តើមបើកវិញ តាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន ។
គួរជម្រាបជូនថា ប្រភពwikipedia បានផ្សាយថា គិតមកត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ប្រទេសបារាំងមានអ្នកឆ្លងកូវីដ១៩សរុប ១៣៨ ៨៥៤ នាក់ ក្នុងនោះបាត់បង់ជីវិត២៦ ៣១០ នាក់ ។ ប៉ុន្តែ៥៦ ០៣៨ នាក់បានជាសះស្បើយវិញផងដែរ ។ ក្រសួងសុខាភិបាលប្រទេសនេះថា ចំនួនករណីថ្មីមានការធ្លាក់ចុះ នៅត្រឹម៨០ករណីប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ប្រភពដដែលនេះបញ្ជាក់ថា វីរុសកូវីដ១៩នេះឆ្លងលើដែនដី និងប្រទេសចំនួន២២៩ជុំវិញពិភពលោក ។ ឆ្លងលើមនុស្សជាង៤លាននាក់ ក្នុងនោះ បាត់បង់ជីវិត ២៧៨ ៧៥៦នាក់ ។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ១,៣ លាននាក់វិញផងដែរ ។ សហរដ្ឋអាមេរិកជាប្រទេសរងគ្រោះដោយសារវីរុសនេះជាងគេបំផុត មានអ្នកឆ្លងជាង១,៣លាននាក់ ៕ ប្រែសម្រួលដោយ៖ thach yat