ប្រណីតភាពនៃបុរាណដ្ឋានព្រះពុទ្ធសាសនា គឺវត្តរាជបូណ៌ ឬមហាជនស្គាល់ទូទៅថា វត្តបូណ៌ បានផ្ដើមកសាងនៅអំឡុងឆ្នាំ១៦៥០ គិតដល់បច្ចុប្បន្ន វត្តអារាមនៅខេត្តសៀមរាបមួយនេះ មានអាយុកាលជាង៣០០ឆ្នាំហើយ។
រាជបូណ៌ មិនត្រឹមជាបូជនីយដ្ឋានចំណាស់មួយប៉ុណ្ណោះទេ តែវត្តនេះបានរំលេចចេញពីស្នាដៃសិល្បៈ តាមរយៈក្បូរក្បាច់រចនាចម្លាក់ ដែលមានតាំងពីតួដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា ពិសេសគឺរូបគំនូរ បុរាណដ៏ល្អឯក។
គំនូរបុរាណជាទម្រង់ល្ខោនស្បែកធំដ៏ចំណាស់កំពុងលាក់ខ្លួនក្នុងវិហារវត្តរាជបូណ៌នៅលើជញ្ជាំងផ្នែកខាងក្នុងជាសិល្បៈដ៏រស់រវើកល្អវិចិត្ររៀបរាប់ពីរឿង “រាមកេរ្តិ៍” ជាទេវកថាដ៏ល្បីល្បាញក្នុងនគរខ្មែរ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២ជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ៕