សៀមរាប៖ ប្រទះឃើញចម្លាក់អណ្តើកបន្ថែមមួយទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល ១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក ។ ការរកឃើញនេះនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់។
នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតព៌ណស (គ្រីស្តាល់?) បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតព៌ណស (គ្រីស្តាល់?) នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថា ជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស (គ្រីស្តាល់?) នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។
គួររម្លឹកថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន ៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាសម្ពន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ៕ ដោយ៖ តារា