អង្គការទេសចរណ៍ពិភពលោក កំពុងប្រមូលធាតុចូលពីបណ្ដាអ្នកប្រាជ្ញ អ្នកជំនាញ ដើម្បីដាក់ចេញដំណោះស្រាយរួមមួយ សម្រាប់វិស័យទេសចរណ៍។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំអង្គការទេសចរណ៍ពិភពលោក នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
ក្រោយចប់កិច្ចប្រជុំនេះ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានថ្លែងប្រាប់ថា មកដល់ពេលនេះ អង្គការទេសចរណ៍ពិភពលោកមិនទាន់មានដំណោះស្រាយយ៉ាងណានៅឡើយទេ ចំពោះការដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ដោយសារវិបត្តិកូវីដនេះ ប៉ុន្តែការអនុវត្តនានាក្នុងវិស័យទេសចរណ៍នៅចំពោះមុខនេះ គឺត្រូវអនុលោមតាមអង្គការសុខភាពពិភពលោកជាចាំបាច់។
លោកលើកឡើងថា បន្ទាប់ពីកិច្ចប្រជុំនេះទៅ អង្គការទេសចរណ៍ពិភពលោកនឹងប្រមូលធាតុចូលពីបណ្ដាអ្នកប្រាជ្ញ អ្នកជំនាញ និងបណ្ដាប្រទេសជាសមាជិកនានា ដើម្បីវិភាគរិះរកនូវដោះស្រាយរួម ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត ក្នុងការអនុវត្តដំណើរការវិស័យទេសចរណ៍ទូទាំងពិភពលោក។
លោក ទ្រី ឈីវ បានបញ្ជាក់ថា ការរិះរកដំណោះស្រាយនេះ មិនត្រឹមតែប្រើសម្រាប់អនុវត្តក្នុងពេលកើតមានជំងឺកូវីដនេះទេ អង្គការទេសចរណ៍ពិភពលោកក៏នឹងបង្កើតនូវវិធានការ សម្រាប់អនុវត្តនៅពេលវិបត្តិកូវីដនេះត្រូវបានផុតរលត់ចេញពីផែនដី ឬក៏អាចយកមកអនុវត្តសម្រាប់វិបត្តិនាពេលក្រោយទៀតផងដែរ៕ ដោយ៖ តារា