កណ្តាល៖ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៧ខែឧសភា ឆ្នាំ២០២០។
ករណីអំពើហិង្សាដោយចេតនាមួយបង្ករឡើងដោយបុរសជាកម្មករសំណង់ម្នាក់ឈ្មោះ សេក ចាន់ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ខណៈបច្ចុប្បន្នត្រូវបានសមត្ថកិច្ចស្រុកពញាឮចាប់ឃាត់ខ្លួនហើយ។ ចំណែកឯ ជនរងគ្រោះឈ្មោះ គុណ វណ្ឌី ហៅ នី ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្កាស្រស់ មានទីលំនៅភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដែលរងរបួសបែកក្បាលផ្នែកខាងឆ្វេងយ៉ាងដំណំ។
អធិការនគរបាលស្រុកពញាឮបានឲ្យដឹងថា មុនពេលកើតជាហិង្សានេះ ជនរងគ្រោះកំពង់អង្គុយស៊ីផឹកនៅផ្ទះរបស់ខ្លួនជាមួយបងប្អូន ចំណែកជនបង្កក៏កំពុងអង្គុយស៊ីផឹកជាមួយមិត្តភក្ភ័នៅផ្ទះជិតគ្នា នៅពេលកំពង់ផឹកស្រា ជនបង្កបានស្រែកជេរដៀមដាម និងជេរមកលើក្រុមគ្រួសារជនរងគ្រោះ ខណៈពេលនោះជនរងគ្រោះមិនបានឆ្លើយតបឡើយ ប៉ុន្តែបានមួយស្របក់ក្រោយមក ជនបង្កក៏បានងើបដើរចេញពីកន្លែងវង់ស៊ីផឹក ដើរសំដៅទៅផ្ទះរបស់ខ្លួនដែលនៅក្បែរនោះ ឃើញដូចនេះជនរងគ្រោះក៏បាន ងើបចេញពីវង់ផឹកស៊ី នៅផ្ទះរបស់ខ្លួន ដើរពីក្រោយជនបង្កដើម្បីសួរនាំ លុះពេលទៅដល់មុខផ្ទះរបស់ជនបង្ក ជនរងគ្រោះក៏បានហៅឲ្យឈប់ ព្រមទាំងបានសួរនាំ ភ្លាមៗនោះបាននិយាយទាស់ពាក្យសម្តី ឈ្លោះប្រកែកគ្នា រហូតឈានដល់ការវ៉ៃប្រតាយប្រតប់គ្នាទៅវិញទៅមក ខណៈពេលនោះស្រាប់តែជនបង្កបានយកដំបង់ឬស្សី ដែលឋិតនៅក្បែរនោះ វាយមកលើជនរងគ្រោះ មួយដំបង បែកក្បាលហូរឈាមដួលសន្លប់ ឃើញដូចនេះ ក្រុមគ្រួសារជនរងគ្រោះក៏បាន រត់ចូលទៅឃាត់ បំបែកចេញពីគ្នាហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនារាជធានីភ្នំពេញ។ ចំណែកជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដែក ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕ ដោយ៖ ផេងភាព