ការពារកូវីដ១៩ វគ្គសិក្សាស្តីពី ការធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន ធ្វើតាមរយៈវីដេអូពីចម្ងាយ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញ លោក ប៉េង ពោធិ៍នា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើបើកវគ្គបណ្តុះបណ្តាលស្តីអំពីការរៀបចំធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន (Pilot IT Audit) ជូនដល់សវនករក្នុងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបង្រៀនដោយគ្រូឧទ្ទេសមកពីក្រុមការងារ IT Audit របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈវីដេអូពីចម្ងាយ(Videoconference)។
លោក រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដោយផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្រ្តីសវនករផ្ទៃក្នុង ក្នុងការចុះធ្វើសវនកម្មលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់នៅតាមនាយកដ្ឋាន និងអង្គភាពជំនាញនានាក្រោមឱវាទក្រសួង។
លោកថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង តាមរយៈវីដេអូពីចម្ងាយ (Videoconference) ដើម្បីអនុវត្តន៍តាមការណែនាំរក្សាគម្លាត និងការប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ៕ ដោយ៖ ប៊ុនធឿន