ប្រជាជនអាមេរិក ៣,២ លាននាក់ផ្សេងទៀត បានស្វែងរកអត្ថប្រយោជន៍ពីការអត់ការងារធ្វើ កាលពីសប្តាហ៍មុន ខណៈជំងឺរាតត្បាតបានបន្តកើនឡើងយ៉ាងខ្លាំង ។
ការស្នើរកអត្ថប្រយោជន៍ថ្មីនេះ បាននាំឱ្យមានចំនួនអ្នកស្វែងរកអត្ថប្រយោជន៍ពីការគ្មានការងារធ្វើ នៅអាមេរិក ចាប់តាំងពីពាក់កណ្តាលខែមីនា រហូតដល់បច្ចុប្បន្ននេះ កើនឡើងដល់ចំនួន ៣៣,៣ លាននាក់ ឬប្រហែល ២០% នៃកម្លាំងពលកម្មអាមេរិកសរុប ។ នេះបើតាមប្រភពប៊ីប៊ីស៊ី ផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
ក្រសួងការងារអាមេរិក បានបញ្ជាក់ថា ចំនួនអ្នកស្នើសុំអត្ថប្រយោជន៍នេះ បានថយចុះប្រចាំសប្តាហ៍ ប្រៀបធៀប តាំងពីពេលឈានដល់ចំណុចកំពូល ៦,៩ លាននាក់ នៅក្នុងខែមីនា ឆ្នាំ២០២០។
ទោះជាំយ៉ាងណាក៏ដោយ ប្រភពខ្លះបានផ្សាយថា ចំនួនប្រជាជនអាមេរិកស្នើសុំ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ បានបន្តកើនឡើង បើទោះជាមានសកម្មភាពថ្មីៗ ដោយចាប់ផ្តើមបើកដំណើរការជាថ្មី នៅតាមផ្នែកខ្លះ ក្នុងប្រទេសពីការរឹតត្បិតការទប់ស្កាត់ឆ្លងកូវីដ១៩ យ៉ាងណាក៏ដោយ។
លោក Paul Ashworth ប្រធានសេដ្ឋវិទូអាមេរិកប្រចាំក្រុមហ៊ុន Capital Economics បានមានប្រសាសន៍ថា“ ការបន្តកើនឡើងនូវការទាមទាររកអត្ថប្រយោជន៍ ចេះតែបន្ត … គឺជាការខកចិត្តមួយ ព្រោះវាបានបង្ហាញច្បាស់ថា មានមនុស្សតិចតួចណាស់ ដែលត្រូវបានហៅអោយទៅធ្វើការឡើងវិញ” ។
គួរបញ្ជាក់ថា ជំងឺកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) នៅលើទឹកដីអាមេរិក គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ របស់ប្រភព wikipedia អះអាងថា បានឆ្លងសរុប ១ ២៨៨ ៧៧១ នាក់ ក្នុងនោះបាត់បង់ជីវិត ៧៦ ៥០៣ នាក់ និង ១៧៣ ៩៣៩ នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat