ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា ជាបេក្ខភាពចុងក្រោយគេ បន្ទាប់ពីក្លិប Manchester United និង Arsenal ដែលបានចាប់អារម្មណ៍មកលើខ្សែការពារកណ្តាល Kalidou Koulibaly របស់ក្លិប Napoli ។
ខ្សែការពារកណ្តាលសញ្ជាតិសេណេហ្គាល់រូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាក្លិបធំៗក្នុងក្របខណ្ឌ Premier League ក្រោយរូបគេមានសមត្ថភាពលេងជាខ្សែការពារនៅតំបន់កណ្តាលបានយ៉ាងល្អ។ ក្លិប Man Utd បានដាក់សំណើទិញយកខ្សែការពាររូបនេះជាច្រើនលើកមកហើយ ប៉ុន្តែ Napoli តែងតែបដិសេធមិនព្រមឱ្យ Koulibaly ចាកចេញនោះទេ ខណៈដែលពេលនេះក្លិបបានដាក់តម្លៃខ្លួនលក់រូបគេដល់ទៅ ៩០ លានអឺរ៉ូឯណោះ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
យ៉ាងណាមិញ បើយោងតាមសារព័ត៌មាននៅអ៊ីតាលី Gazzetta dello Sport បានចុះផ្សាយថា ក្លិប Liverpool មានបំណងចង់ចុះហត្ថលេខាលើ Koulibaly នៅរដូវក្តៅខាងមុខ ហើយអ្នកចាត់ការទូទៅ លោក Jurgen Klopp ចង់ផ្តល់ខ្សែការពារ Joel Matip និង Dejan Lovren ឱ្យទៅ Napoli ថែមទៀតផង ក្នុងគោលបំណងបន្ធូរតម្លៃខ្លួនខ្សែការពារសេណេហ្គាល់រូបនេះ។
ថ្មីៗនេះមានការរាយការណ៍ថា Newcastle ក៏បានចាប់អារម្មណ៍លើខ្សែការពារ Koulibaly ផងដែរ ស្របពេលដែលមានដំណឹងលេចឮថា លោក Mauricio Pochettino អាចនឹងមកដឹកនាំក្រុមនាពេលខាងមុខ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ talksport