កោះកុង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងរំលោភសម្លាប់ម្ដាយមីងខ្លួនឯង។ ករណីឃាតកម្មនេះបានកើតឡើង កាលពីម៉ោង៦ល្ងាចថ្ងៃទី៦ ឧសភាឆ្នាំ២០២០ ចំណុចក្នុងព្រៃចម្ងាយជាង២០០ម៉ែត្រ ពីភូមិតានី ឃុំជីខ ស្រុកស្រែអំបិល ខេត្តកោះកុង។
របាយការណ៍សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ន ម៉ុន អាយុ២៦ឆ្នាំ អតីតជនល្មើសលួចគោ ក្របី ប្រចាំភូមិនេះ ដែលចេញពីពន្ធនាគារ កាលពីខែមិថុនា ឆ្នាំ២០១៩ ។ រីឯសពស្ត្រីរងគ្រោះឈ្មោះ អ៊ី ហួយ អាយុ៥៧ឆ្នាំមានទីលំនៅភូមិតានី ឃុំជីខ ស្រុកស្រែអំបិល ។
ក្រោយពីបានសួរនាំព័ត៌មាន ពីគ្រួសារសពរងគ្រោះឈ្មោះ លោក ទិត្យ អិក (ប្តីសពរងគ្រោះ) ភ្លាម លោកវរសេនីយ៍ទោ ហួន នុន អធិការស្រុកស្រែអំបិល បានឱ្យដឹងថា ដោយក្តាប់បានសភាពការណ៍ច្បាស់ ជុំវិញករណីឃាតកម្មសម្រេចដាក់ការសង្ស័យលើបុគ្គល ម៉ន ម៉ុន ដែលអ្នកបានប្រទះឃើញសាកសពស្ត្រីរងគ្រោះ។ ក្រោមហេតុផលមួយដែលលោកអះអាងថា សពរងគ្រោះស្ថិតក្នុងព្រៃចម្ងាយជាង២០០ម៉ែត្រ ពីលំនៅដ្ឋាន ហេតុអ្វីបានជាមានតែបុគ្គលនេះម្នាក់គត់ដែលប្រទះឃើញ?។
ដើម្បីចង់បាននូវភស្តុតាងពិតដើម្បីដាក់បន្ទុក លោកវរសេនីយ៍ទោ ហួន នុន អធិការស្រុកស្រែអំបិល ចាត់កម្លាំងសមត្ថកិច្ច បានចុះឃ្លាំមើល និងព័ទ្ធផ្ទះជនសង្ស័យពីចម្ងាយ និងឃ្លាំមើលសកម្មភាព ការពារមានការគេចខ្លួន។ តាំងពីម៉ោង១២នាទីរហូត ម៉ោង១យប់ឈានចូលថ្ងៃទី៧ ឧសភា ឆ្នាំ២០២០ទើប ធ្វើការចាប់ខ្លួន អមដោយវត្ថុតាង មានដំបងនិងសំលៀកបំពាក់សពស្ត្រីរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ម្តាយមីងបង្កើតខ្លួនឯងពិតប្រាកដមែន។ ជុំវិញរឿងនេះ លោកអធិការស្រុកស្រែអំបិល កំពុងស្រាវជ្រាវ រកប្រភពផ្សេងៗទៀតពាក់ព័ន្ធ និងជនសង្ស័យឈ្មោះ ម៉ន ម៉ុន ដើម្បីបញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តកោះកុង ចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ សួង សាម