ភ្នំពេញ៖ ក្រោយពីការអនុវត្តនូវការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលតម្រូវឲ្យអ្នករត់ម៉ូតូកង់៣ឥណ្ឌា ម៉ូតូកង់ ៤ និងម៉ូតូធំៗមានកម្លាំងលើសពី ១២៥cc ឡើងនោះ គេកត់សម្គាល់ឃើញថា រយៈពេល ២ថ្ងៃមានក្រុមអ្នកម៉ូតូកង់បី និងម៉ូតូធំសម្រុកទៅដាក់ពាក្យប្រឡងយកប័ណ្ណបើកបរជាង ២៥០០នាក់ ខណៈ បន្ទប់ប្រឡងអាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះ។
បើតាមសម្ដីលោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃច័ន្ទ និងថ្ងៃអង្គារកន្លងមកនេះ ក្រុមអ្នកម៉ូតូកង់បី និងម៉ូតូធំ បានប្រឡងយកប័ណ្ណបើកបរចំនួន ២៨០នាក់ ប្រឡងជាប់តែ ១២៤នាក់ និងអ្នកប្រឡងធ្លាក់មានចំនួន ១៥៨នាក់ ។
លោក ឡូវ នីកូវឌ្ឍនា បានឱ្យដឹងទៀតថា សម្រាប់លក្ខខណ្ឌក្នុងការប្រឡង បេក្ខជនត្រូវមានអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ លិខិតបញ្ជាក់កាយសម្បទា ឬសុខភាពមួយសន្លឹក រូបថត សខ្មៅ ៤x៦ចំនួន ៤សន្លឹក និងត្រូវបង់តម្លៃចំនួន ៤១០០០រៀល គឺបង់តាមរយ:ប្រព័ន្ធវីង៕ ដោយ៖ សាម