កូវីដ១៩បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច និងសង្គម នៅគ្រប់ប្រទេសទាំងអស់ នៅជុំវិញពិភពលោក។ បន្ទាប់ពីពលរដ្ឋស្លាប់កូវីដ១៩ ក៏មានពលរដ្ឋជាច្រើនទៀតស្លាប់ដោយការធ្វើអត្តឃាត ដោយសារតែអត់ការងារធ្វើ ធុញថប់នឹងជីវិត។
ដោយសារតែកត្ដាទាំងនេះហើយ បានបង្ខំឲ្យប្រទេសជាច្រើនសម្រេច រស់នៅជាមួយកូវីដ១៩ រង់ចាំថ្នាំព្យាបាល ផលិតដោយជោគជ័យ។ ការបើកដំណើរសេដ្ឋកិច្ចឡើងវិញ ក្នុងគោលដៅជួយផ្តល់ការងារធ្វើដល់ពលរដ្ឋ បញ្ចៀសការធុញទ្រាន់ នៅក្នុងជីវិត អាចនឹងនាំឲ្យមានពលរដ្ឋធ្វើអត្តឃាតច្រើនជាង ស្លាប់ដោយកូវីដ១៩។
ជាក់ស្តែង ការជះឥទ្ធិពលទៅលើសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសអូស្ត្រាលី កាន់តែច្រើន ដោយសារកូវីដ១៩។ មកទល់ពេលនេះអ្នកស្លាប់ដោយកូវីដ១៩ ជិត១០០នាក់ប៉ុណ្ណោះ ប៉ុន្តែឥទ្ធិពលរបស់វាបានធ្វើឲ្យមនុស្សធ្វើអត្តឃាត កើនឡើងខ្ពស់ជាងនេះដល់ទៅ១០ដង។
បើតាមលទ្ធផលស្រាវជ្រាវថ្មីបំផុត ស្តីពីសុខភាពស្មារតី ផ្លូវចិត្ត នៅអូស្ត្រាលី បានបង្ហាញឲ្យឃើញថាការជះឥទ្ធិពលទៅលើវិស័យសេដ្ឋកិច្ច និងសង្គម ដោយសារកូវីដ១៩ ទើបធ្វើឲ្យចំនួនពលរដ្ឋធ្វើអត្តឃាតកើនឡើង៥០ភាគរយ។ បើប្រៀបធៀបនឹងអ្នកស្លាប់ដោយកូវីដ គឺច្រើនជាង១០ដង មានន័យថា អ្នកស្លាប់ដោយសារកូវីដ១៩ នៅអូស្ត្រាលីមានតែ១០០នាក់ប៉ុណ្ណោះ ចំណែកអ្នកធ្វើអត្តឃាត ពាក់ព័ន្ធនឹងកូវីដ១៩ មានរហូតដល់ជាង១០០០នាក់។
បើតាមលទ្ធផលស្រាវជ្រាវរបស់មហាវិទ្យាល័យ Sydney បានបញ្ជាក់ថា ចំនួនពលរដ្ឋអត់ការងារធ្វើ នៅក្នុងប្រទេសនេះបានកើនឡើង ១០ភាគរយ ដោយសារកូវីដ១៩ ដូច្នេះចំនួនអ្នកធ្វើអត្តឃាតកើនឡើងបន្ថែម ចន្លោះពី២៥ដល់៣០ភាគរយ ក្នុងនោះមានភាគច្រើនជាមនុស្សវ័យក្មេង។
សាស្ត្រាចារ្យ Lan Hickie បានបញ្ជាក់ថា បើចំនួនអ្នកអត់ការងារធ្វើ កើនឡើង ១៥ភាគរយ ចំនួនអ្នកធ្វើអត្តឃាត ក៏កើនឡើងដល់ទៅ ៥០ភាគរយ៕ ប្រែសម្រួលដោយ៖MEO