ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឳ វណ្ណឌីន នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញសង្គមអេឡិតចត្រូនិក តេឡេក្រាម បានលើកយកហ្គ្រាហ្វិចមួយរបស់លោក Tomas Pueyo ដែលសរសេរអំពីការរីករាលដាលជំងឺកូវីដ១៩ នៅលើពិភពលោក មកបង្ហាញ។ លោកស្រីថា នេះគឺជាចំណេះដឹងដ៏សំខាន់មួយ ដែលមានប្រយោជន៍សម្រាប់កម្ពុជាផងដែរ។
ក្នុងហ្គ្រាហ្វិចលោក Tomas Pueyo ត្រូវបានលោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលបកស្រាយថា បើយើងមិនធ្វើអ្វីសោះដែលគូសបញ្ជាក់ត្រង់ពាក្យថា Do nothing មានន័យថា រូបភាពនៃការកើនឡើង នៃវីរុសកូវីដ១៩ គឺស្ទុះឡើងខ្ពស់មែនទែន ពោលគឺឡើងសឹងតែត្រង់ភ្លឹងឡើងលើតែម្តង។
ប៉ុន្តែដោយឡែក ប្រសិនបើយើងធ្វើខ្លះ ដែលគេហៅថា Mitigation មានន័យថាបានអនុវត្តខ្លះៗ នៅវិធានការអប់រំប្រជាពលរដ្ឋ អនុវត្តនូវវិធានការអនាម័យផ្សេងៗ គឺមានការថយចុះនូវការកើនឡើងដែរ គ្រាន់តែខ្សែបន្ទាត់ក្រហមរាងងាកបន្តិចតែប៉ុណ្នោះ តែអ្វីដែលគេរកឃើញនោះគឺ ចំណុច The Hammer និង The Dance។
The Hammer មានន័យថា ពូថៅឬញញួរ គឺជាដំណាក់កាលមួយកំពុងតែដំ កំពុងតែសង្កត់ធ្វើយ៉ាងមិចរិះរកនូវវិធានការណ៍ ផ្សេងៗដើម្បីសង្កត់កុំឲ្យវីរុសកូវីដ១៩ ងើបឡើងបាន។ ការអនុវត្តបែប The Hammer នេះ គឺកើនឡើងតែបន្តិចដំបូងតែប៉ុណ្ណោះ តែក្រោយមកមានការធ្លាក់ចុះជាបណ្តើរៗ រហូតដល់ក្រោម ក្នុងរយៈពេលពី ៣ ទៅ៧ សប្តាហ៍។
សំខាន់ជាងនេះមួយទៀតគឺ The Dance មានន័យថា ត្រូវធ្វើយ៉ាងណារក្សាអត្រាឆ្លងនៃវីរុសកូវីដ១៩ ឲ្យនៅតិចជាងចំនួនមួយ។ មួយវិញទៀត The Dance មានន័យថា យើងត្រឡប់ទៅរស់នៅក្នុងស្ថានភាពធម្មតាវិញ តែការរស់នៅធម្មតាក្នុងបែបថ្មី ដោយយើងរក្សានូវវិធានការពារ ជាប់ជានិច្ច ជាពិសេសគឺ ត្រូវឲ្យមានការស្រាវជ្រាវ រុករកជាបន្តបន្ទាប់ ជាពិសេសការអនុវត្តនូវការធ្វើតេស្ត ការដាក់ឲ្យនៅដាច់ដោយឡែក ហើយប្រសិនជារកឃើញ ករណីវិជ្ជមានកូវីដ១៩ គឺត្រូវយកអ្នកជំងឺចេញភ្លាម ដើម្បីព្យាបាល និងឃុំគ្រងឲ្យបានត្រឹមត្រូវ។
ក្នុងចំណុចនេះផងដែរ លោកស្រីឳ វណ្ណឌីន បញ្ជាក់ថា ត្រូវតែបន្តអនុវត្តនូវគម្លាតសុវត្ថិភាពសង្គម ក៏ដូចជាគម្លាតសុវត្ថិភាពនៃបុគ្គលនីមួយៗ ដោយចៀសវាងឲ្យបាននូវការជួបជុំក្នុងទ្រង់ទ្រាយធំ ។
លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ប្រទេសយើងបច្ចុប្បន្នគឺ បងប្អូនប្រជាពលរដ្ឋបានវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញហើយ ប៉ុន្តែក្នុងនាមក្រសួងសុខាភិបាល លោកស្រីអំពាវនាវ ដ៏ទទូចជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តា បន្តអនុវត្តនូវវិធានការណ៍ ចាំបាច់បំផុតដើម្បីការពារ កូវីដ១៩ ទោះបីកម្ពុជាមិនមានសន្ទុះឡើងអ្នកឆ្លងថ្មីយ៉ាងណាក៏ដោយ៕ ដោយ៖ ប៊ុនធឿន