អង្គការសហប្រជាជាតិ បានប្រកាស នៅថ្ងៃទី៧ ខែឧសភាថា ខ្លួនបង្កើនការអំពាវនាវ ស្វែងរកទឹកប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃកូវីដ១៩ ក្នុងនោះកាលពីមុនអំពាវនាវរកតែ២ពាន់លានដុល្លារ ប៉ុន្តែនៅពេលនេះបន្ថែមការអំពាវនាវឲ្យគ្រប់ ចំនួន ៦,៧ ពាន់លានដុល្លារ ។
មន្ត្រីទទួលបន្ទុកមនុស្សធម៌របស់ UN បានបញ្ជាក់ថា ការឆ្លងរាតត្បាត មិនត្រូវបានរំពឹងគិតថា ឆ្លងទៅដល់ប្រទេសក្រីក្របំផុតរបស់ពិភពលោកនោះទេ ក្នុងរយៈពេលពី៣ខែទៅ៦ខែនេះ។ ប៉ុន្តែភស្តុតាងបែរជាបានបង្ហាញច្បាស់ហើយ អំពីការបាត់បង់ប្រាក់ចំណូល និងការអត់ការងារធ្វើ, ការផ្គត់ផ្គត់អាហារមានការធ្លាក់ចុះ ហើយតម្លៃម្ហូបអាហារកើនឡើង ។ កុមារៗបាត់បង់ឱកាសទទួលបានវ៉ាក់សាំង និងចំណីអាហារ។
តាំងពីដំបូងទី ថ្ងៃទី២៥ ខែមីនា UN បាននិយាយថា ទឹកប្រាក់១ពាន់លានដុល្លារ ត្រូវបានរៃអង្គាស ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសប្រហែល៣៧ ជុំវិញពិភពលោក ឲ្យប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។
នៅក្នុងការអំពាវនាវជាថ្មី នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ អង្គការសហប្រជាជាតិបានរួមបញ្ចូលប្រទេសបន្ថែមទៀត ដែលត្រូវជួយ រួមមាន៖ ប្រទេសបេនីន, ជីប៊ូទី, លីបេរីយ៉ា, ម៉ូហ្សំប៊ិក, ប៉ាគីស្ថាន, ហ្វីលីពីន, សៀរ៉ាឡេអូន, តូហ្គោ និងហ្ស៊ីមបាវេ ផងដែរ ។
មន្ត្រី UN បញ្ជាក់ថា នៅក្នុងប្រទេសក្រីក្របំផុត យើងអាចមើលឃើញសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ខណៈដែលប្រាក់ចំណូលពីការនាំចេញ, ប្រាក់បញ្ញើ និងទេសចរណ៍មានការបាត់បង់ ។ ប្រភពថា ប្រសិនបើយើងមិនចាត់វិធានការទេ ឥឡូវនេះយើងគួរតែត្រៀមសម្រាប់ការកើនឡើងនូវហានិភ័យ ដូចជា ភាពអត់ឃ្លាន និងភាពក្រីក្រ «អ្នកអត់ឃ្លាន និងគ្រោះទុរ្ភិក្សបាននិងកំពុងចាំងស្រមោល» ។
អង្គការស្បៀងអាហារពិភព បានអះអាងថា ខ្លួនបានជួយដល់មនុស្ស ជិត១០០លាននាក់ ក្នុងមួយថ្ងៃហើយ « ប្រសិនបើយើងមិនអាចរក្សាប្រតិបត្ដិការចាំបាច់ទាំងនោះបានទេ ជំងឺរាតត្បាតនឹងចាប់ផ្តើមរាលដាលនៅពេលឆាប់ៗនេះ»៕ ប្រែសម្រួលដោយ៖ thach yat