វិមាននរោត្តមមានទីតាំងស្ថិតនៅខេត្តព្រៃនគរ អតីតដែនដីកម្ពុជាក្រោមដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។ អគារទាំងមូលត្រូវបានវិស្វករបារាំងឈ្មោះ Hermite ជាអ្នករៀបចំប្លង់។
វិមាននេះបានប្រារព្ធពិធីសម្ពោធបញ្ចុះបឋមសីលាលើកនៅដំបូងក្នុងឆ្នាំ១៨៦៩ ហើយសម្រេចជាស្ថាពរនៅឆ្នាំ១៨៩៣។ បារាំងបានដាក់ឈ្មោះអាគារនេះថា វិមាននរោត្តម និងផ្លូវនៅមុខអាគារនេះ ក៏ត្រូវបានគេដាក់ឈ្មោះថា វិថីនរោត្តមដែរ ដើម្បីថ្វាយព្រះកិត្តិយសដល់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមជាព្រះចៅក្រុងកម្ពុជាធិបតីនាសម័យនោះ។
សំណង់អគារ បានសាងឡើងលើផ្ទៃដីក្រឡាប្រមាណ១២ ហិចតាក្នុងនោះមានអាគារធំមួយ មានទីធ្លាទំហំ៨០ម៉ែត្រ។ នៅក្នុងវិមាន មានបន្ទប់អាចឲ្យមនុស្សស្នាក់នៅប្រមាណ៨០០ នាក់ និងនៅជុំវិញអាគារនេះ មានសួនច្បារដែលមានដើមឈើធំៗ និងទីធ្លាស្មៅ។ វត្ថុធាតុសម្រាប់សាងសង់ភាគច្រើនគឺបាននាំយកមកពីប្រទេសបារាំង។
ពីឆ្នាំ១៨៧១ ដល់១៨៨៧ អាគារត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouver neur de la Cochinchine)។ ចាប់ពីឆ្នាំ១៨៨៧ ដល់១៩៤៥ រដ្ឋការអាណានិគមបារាំងទូទាំងឥណ្ឌូចិនបានប្រើទីនោះជាទីស្នាក់នៅ និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ។
១៩៦២ អាកាសយានិកមានការទម្លាក់គ្រាប់បែកពីយន្តហោះប្រភេទ AD6 ចំនួន២ គ្រឿងបណ្ដាលឲ្យវិមាននរោត្តម ខូចខាតទាំងស្រុងចំហៀងខាងឆ្វេងមិនអាចជួសជុលឡើងវិញបានទើបវៀតណាមបានសាងសង់អគារថ្មីរូបរាងថ្មី ដោយវិស្វករឈ្មោះ Ngô Viết Thụ។ បច្ចុប្បន្នទាំងអគារ និងមហាវិថីនៅខាងមុខលែងមានឈ្មោះថានរោត្តមទៀតហើយ៕