ភ្នំពេញ៖ ទោះបីពិធីជួបជុំបែបសាសនា គ្មានប្រកាសអនុញ្ញាតឲ្យមានការជួបជុំឡើងវិញដូចធម្មតាក្តី គេសង្កេតឃើញថា ក្នុងថ្ងៃវិសាខបូជា មានរដ្ឋមន្រ្តី និងអភិបាលខេត្តមួយចំនួន បានធ្វើការជួបជុំបែបសាសនា ដែលមានអ្នកចូលរួមច្រើនអ្នក នៅទីកន្លែងផ្សេងៗពីគ្នា។
ក្នុងនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី រួមជាមួយ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្ដីរាជការ ក្រោមឱវាទក្រសួងព័ត៌មាន បាននាំយកនូវ បច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។
ព្រះចៅអធិការវត្ត វត្តនិគ្រោធវ័ន គល់ទទឹង បានឲ្យអះអាងថា សម្រាប់ឆ្នាំនេះ នៅទីអារាម វត្តនិគ្រោធវ័ន គល់ទទឹង មិនមានការរៀបចំពិធីបុណ្យធំជាផ្លូវការដូចរៀងរាល់ឆ្នាំនោះទេ ដោយសារបញ្ហានៃជំងឺកូវីដ ១៩។ យ៉ាងណាក៏ដោយ ព្រះចៅអធិការវត្ត ព្រះសង្ឃ និងគណៈកម្មការវត្ត និគ្រោធវ័ន គល់ទទឹង បានសម្ដែងនូវការ អរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៊ី ព្រមទាំង ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ដែលបាននាំនូវបច្ច័យ និងទេយ្យទាន យកមកប្រគេនព្រះសង្ឃ នៅក្នុងវត្តនិគ្រោធវ័ន គល់ទទឹង ទុកសម្រាប់ផ្គតផ្គង់ជីវភាពព្រះសង្ឃ ក៏ដូចជាសម្រាប់ តាជី យាយជី កូនសិស្ស ដែលស្នាក់នៅក្នុងទីអារាមនេះ។
ចំណែក លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងឯនុ៎ះវិញ ក៏បានដឹកនាំមន្ត្រីរាជការ លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ ទៅចូលរួមក្នុងពិធីបុណ្យវិសាខបូជានៅវត្ត អារញ្ញការាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ផងដែរ។ ក្នុងឳកាសនោះ លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា វិសាខបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមានពិសាខបូជា មាឃបូជា អាសាឍបូជា និងបុណ្យបវារណា ឬ ចេញវស្សានិងចូលព្រះវស្សា ។
សកម្មភាពជួបជុំបែបសាសនានេះ ហាក់បង្ហាញថា ពួកគេលែងព្រួយបារម្ភចំពោះកូវីដ ១៩ ទៀតហើយ។ ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំឭកហើយរំឭកទៀត ឲ្យមានការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ ១៩ ទោះបីកម្ពុជា មិនមានករណីឆ្លងថ្មី។
មួយវិញទៀត ក្រសួងសុខាភិបាលកម្ពុជា នៅតែមិនទាន់បញ្ជាក់ពីដំណើរការបើកឡើងវិញ នូវកន្លែងផ្សែងៗដែលខ្លួនបានប្រកាសបិទក្នុងពេលកន្លងទៅនោះទេ។ ថ្មីៗនេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា KTV ជាកន្លែងងាយឆ្លងជំងឺកូវីដ១៩ ខ្លាំងបំផុត ដូច្នេះមិនទាន់ឱ្យបើកដំណើរការឡើងវិញឡើយ។ សូមបញ្ជាក់ថាកន្លងមក ក្រសួងសុខាភិបាលបាន អោយបិទអាជីវកម្មកម្សាន្តសប្បាយដូចជា KTV រោងភាពយន្តនៅទូទាំងប្រទេស និងកាស៊ីណូជាដើម ដើម្បីការពារកូវីដ១៩។ រីឯក្រសួងអប់រំ យុវជន និងកីឡាវិញ កំពុងញាប់ដៃញាប់ជើង ក្នុងកម្មវិធីអប់រំពីចម្ងាយ និងការសិក្សាតាមផ្ទះ៕ ដោយ៖ ប៊ុនធឿន