នរណាៗក៏ស្គាល់ដែរនៅពេលនិយាយពី កាហ្វេ ដោយសារវាជាប្រភេទភេសជ្ជៈដែលមានការពេញនិយមខ្លាំងនៅទូទាំង សាកលលោក។ ក៏ប៉ុន្តែយើងគួរដឹងបន្ថែមទៀតពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ដែលទាក់ទងនឹងកាហ្វេ។
ឈ្មោះភេសជ្ជៈកាហ្វេមួយដែលមានការពេញនិយមមិនថានៅបរទេស និងស្រុកខ្មែរនោះ គឺ ម៉ូកា (Mocha)។ បើសិនអ្នក ជាអ្នកចូលចិត្ត ទទួលទានម៉ូកាដែរ អ្នកគួរដឹងថាឈ្មោះរបស់វា គឺត្រូវបានគេយកតាមឈ្មោះ កំពង់ផែមួយរបស់ទីក្រុងនៃ ប្រទេសយេមែន (Yemen)។ កំពង់ផែទីក្រុងម៉ូកា ជាកំពង់ផែដំបូងបង្អស់ដែលចាប់ផ្ដើមចែកចាយគ្រាប់កាហ្វេ ទៅទូទាំង ពិភពលោក។.
ដំណាំកាហ្វេជាដំណាំមួយដែលត្រូវការ ការផ្គត់ផ្គង់ទឹកយ៉ាងច្រើនសម្បើម។ ដោយក្នុងនោះដើម្បីដាំបានគ្រាប់កាហ្វេ 0.45 គីឡូក្រាម គេត្រូវការទឹកដល់ទៅប្រមាណ 9,463 លីត្រ។
គ្រាប់កាហ្វេជាទូទៅមានការប្រែប្រួលពណ៌ ដោយមុនដំបូងវាមិនមែនមានពណ៌កាហ្វេនោះទេ គឺវាមានពណ៌បៃតង។ ហើយនៅពេលវាចាប់ផ្ដើមទុំ វាក៏ក្លាយជាពណ៌លឿង ទឹកក្រូច ឬ ក្រហមដែលប្រែប្រួលទៅតាមប្រភេទរបស់វា។ម្យ៉ាងទៀត គួរកត់សម្គាល់ថាដើមកាហ្វេមួយដើមអាចមានជីវិតដល់ទៅប្រមាណ 200 ឆ្នាំឯណោះ។
រឿងដ៏គួរឱ្យហួសចិត្តមួយ តែជាការពិត នោះគឺថា គ្រាប់កាហ្វេដែលយកបានពីការបន្ទោរបង់របស់សត្វសំពោច មានទីផ្សារ យ៉ាងខ្ពស់បើប្រៀបទៅនឹងគ្រាប់កាហ្វេធម្មតា។ ដំណើរការនៃការចម្រាញ់យកគ្រាប់កាហ្វេនេះ គឺធ្វើយ៉ាងណាឱ្យសត្វ សំពោចស៊ីគ្រាប់កាហ្វេ បន្ទាប់មកគ្រាប់កាហ្វេទាំង នោះនឹងចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់វា ប៉ុន្តែគ្រាប់កាហ្វេមិន ត្រូវបានកិននៅក្នុងនោះទេ ដោយវាត្រូវបញ្ចេញ មកក្រៅតាមរយៈការបន្ទោរបង់របស់សត្វសំពោច ហើយបន្ទាប់មកឆ្លង កាត់ការចម្រាញ់ប្រកបដោយអនាម័យមួយតង់ ទៀត។
គ្រាប់កាហ្វេដែលទទួលបាននេះត្រូវបានគេទទួលស្គាល់ថាមានរសជាតិប្លែក ក៏ប៉ុន្តែដោយសារតែចំនួនគ្រាប់កាហ្វេ ប្រភេទនេះមានកំណត់ ទើបបណ្ដាលឱ្យវាមានតម្លៃថ្លៃខ្លាំង។ មិនត្រឹមតែសំពោចប៉ុណ្ណោះទេដែលអាចរួមចំណែកផលិតគ្រាប់កាហ្វេពិសេសដូចនេះបាន ពេលខ្លះដំរីក៏ត្រូវបានគេ ប្រើក្នុងផលិតកម្មស្រដៀងគ្នានេះដែរ៕