ភ្នំខ្យងជាប្រាសាទតូចមួយ សាងសង់ឡើងតាំងពីសតវត្សទី៦ម្ល៉េះ ពោលគឺមុនសម័យអង្គរទៅទៀត មានទីតាំងស្ថិតនៅ ឃុំកន្ថោរខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ប្រាសាទភ្នំខ្យងស្ថិតនៅក្នុងភ្នំងងឹតមួយកម្រគេដឹងហើយក៏គ្មានភ្ញៀវ ហ៊ានចូលមើលដែរលុះត្រាមានអ្នកស្រុកភូមិក្បែរនោះនាំចូលទស្សនា។
ប្រាសាទនេះសង់ក្នុងសតវត្សទី៦ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ក្នុងបំណងឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ស្ថិតក្នុងអន្តរកាលរវាងសម័យវប្បធម៌នគរភ្នំ និងចេនឡា។ តួប្រាសាទមានកម្ពស់៤.៥ ម៉ែត្រ ទទឹង២ម៉ែត្រ បណ្ដោយ៣ម៉ែត្រ មានរាងបួនជ្រុង កំពូលត្រួតជាថ្នាក់ បែរមុខទៅលិច ផ្នែកខាងក្រោយ អែបនឹងផ្ទាំងថ្ម។
រចនាបថប្រាសាទមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអាស្រមមហាឥសីនៅភ្នំដា និងអាស្រមមហាឥសីនៅភ្នំហាន់ជ័យ។ នៅកណ្ដាលនៃតួប្រាសាទមានសិវលិង្គធម្មជាតិមួយដុះចេញពីបាតភ្នំ តាមជំនឿរបស់អ្នកស្រុកគឺសិវលិង្គ ធើ្វឱ្យប្រាសាទនេះមានភាពស័ក្ដិសិទ្ធិបំផុត៕