ភ្នំពេញ៖ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ បានស្នើឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលបឹងទំពុនទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជួយរកយុត្តិធម៌ឲ្យពួកគាត់ ទៅលើបុរសអ្នកជិតខាងម្នាក់ ដែលបានប្រើហឹង្សាគប់ដំថ្មមកលើដំបូលផ្ទះគាត់ និងគប់មកលើពួកគាត់បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ៧៧បេតេ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ទេព ស្រីនាង អាយុ ៣៥ឆ្នាំមុខរបរនៅផ្ទះ។ ចំណែកជនបង្កមានឈ្មោះ ហ៊ុន ងែត ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរដឹកទឹកកក ស្នាក់ផ្ទះក្បែរគ្នា។ តាមសម្តីជនរងគ្រោះបានប្រាប់ក្រុមការងារ Tnaot App ឲ្យដឹងថា មូលហេតុដែលជាដើមចម ដែលធ្វើឲ្យជនបង្កខាងលើប្រើហឹង្សាមកលើក្រុមគ្រួសារគាត់ និងវាយបំផ្លិចបំផ្លាញដំបូលផ្ទះរបស់ពួកគាត់ គឺផ្តើមចេញពីឆ្កែររបស់គ្រួសាររងគ្រោះ ដែលជនបង្កបានជិះកង់បុកបណ្តាលឲ្យដួល ទើបបុរសខាងលើនេះមានការខឹងសម្បាទៅលើម្ចាស់ឆ្កែយ៉ាងខ្លាំង ឈានដល់ប្រើហិង្សា ដោយយកដំថ្មជាច្រើនដុំមកគប់ដំបូលផ្ទះ និងគប់សំដៅមកលើប្តីប្រពន្ធខាងលើបណ្តាលឲ្យរងរបួស។
ក្រោយពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ ដើម្បីជួយរកយុត្តិធម៌ឱ្យពួកគាត់។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយនោះទេ។
ខណៈសមត្ថកិច្ចបានប្រាប់ពួកគាត់ថា ជនបង្កមានសតិមិនសូវល្អ ដោយឡែកស្ត្រីរងគ្រោះប្រាប់សមត្ថកិច្ចវិញថា បើជនបង្កសតិមិនល្អ ហេតុអ្វីបើកបររថយន្តដឹកទឹកកកដាក់ឲ្យម៉ូយបានរាល់ថ្ងៃអញ្ចឹង ៕ ដោយ៖ សួង សាម